វិញ្ញាសាចាស់ដែលបាននិងកំពុងតែស្មុគស្មាញដោះស្រាយមិនទាន់ទាំងចេញអស់ផង ស្រាប់តែពេលនេះ ក្បាលម៉ាស៊ីនដឹកនាំនិងមន្ត្រីជំនាញកសិកម្មខ្មែរបានទទួលវិញ្ញាសាថ្មីបន្ថែមថ្មីមួយទៀតសម្រាប់រួមគ្នាដោះស្រាយ នោះគឺ អង្ករកម្ពុជាត្រូវបានរកឃើញថា មានផ្ទុកសំណល់ថ្នាំកសិកម្មលើសកម្រិតបញ្ញត្តិរបស់អឺរ៉ុប ខណៈដែលតំបន់មួយនេះ ជាទីផ្សារដ៏សំខាន់សម្រាប់វិស័យស្រូវអង្ករកម្ពុជា។
ព័ត៌មាននេះ ត្រូវបានប្រកាសឲ្យដឹងដោយ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម កម្ពុជា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ គេហទំព័រប្រព័ន្ធជូនដំណឹងរហ័ស សម្រាប់ម្ហូបអាហារនិងចំណីសត្វរបស់សហភាពអឺរ៉ុប (Rapid Alert System for Food and Feed-RASFF)រកឃើញថា អង្ករកម្ពុជាមានផ្ទុកសំណល់ថ្នាំកសិកម្មលើសកម្រិតបញ្ញត្តិជាធរមាន ដែលសហភាពអឺរ៉ុបកំណត់ត្រឹម ០,០១មីលីក្រាម/គីឡូក្រាម។

ការផ្សព្វផ្សាយនេះ ពិតជាបានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៃអង្ករកម្ពុជា បើទោះជាអង្ករដែលមានផ្ទុកសំណល់កសិកម្មលើសកម្រិតត្រូវបានរកឃើញតែក្នុងមួយចំណែកខ្លះនៃអង្ករដែលបាននាំចេញទៅកាន់ទីផ្សាអឺរ៉ុបក្តី។យ៉ាងណាក៏ដោយ ក៏ការរកឃើញនេះ បាននិងកំពុងតែបន្ថែមទម្ងន់នៃក្តីកង្វល់សម្រាប់ក្រុមហ៊ុននាំចេញអង្ករនិងជាពិសេសប្រជាកសិករ ខណៈដែលទីផ្សារស្រូវអង្ករនៅកម្ពុជាបាននិងកំពុងតែរងផលប៉ះពាល់ស្រាប់។
សម្រាប់អ្នករកស៊ីក្នុងវិស័យស្រូវអង្ករ កម្ពុជាយល់ឃើញថា កម្ពុជាល្មមដល់ពេលយកចិត្តទុកដាក់លើបញ្ហាប្រើប្រាស់ថ្នាំគីមីពុលក្នុងការបង្កបង្កើនផល ស្របពេលមានការណែនាំពីសហភាពអឺរ៉ុបហើយ។
មជ្ឈដ្ឋានអ្នកតាមដានបញ្ហាសង្គមបានយល់ស្របគ្នាថា បញ្ហាមានផ្ទុកសំណល់កសិកម្មលើសកម្រិត ភាគីកសិករមិនគួរជាអ្នកដែលត្រូវរងនូវការស្តីបន្ទោសនោះឡើយ ព្រោះថា ជាច្រើនឆ្នាំមកហើយ កសិករបានប្រើប្រាស់ថ្នាំនិងជីគីមីកសិកម្មទៅតាមទម្លាប់តៗគ្នាតែ ប៉ុណ្ណោះ ហើយលោកក៏បានបានដឹងឬក៏បានទទួលការណែនាំច្បាស់លាស់អំពីប្រភេទនិងរបស់នៃការប្រើប្រាស់ថ្នាំគីមីនិងជីកសិកម្មឲ្យបានត្រឹមត្រូវនោះដែរ។ ពួកគេបានលើកឡើងទៀតថា អ្នកដែលជាតួអង្គសំខាន់ទទួលខុសត្រូវនៅក្នុងរឿងនេះ គឺអង្គភាពពាក់ព័ន្ធនិង មន្ត្រីជំនាញ កសិកម្មខ្មែរ។ក្រោយលេចឮព័ត៌មានដ៏រសើបចុងក្រោយនេះ មជ្ឈដ្ឋានមួយចំនួនពិសេសអ្នកដែលឈឺឆ្អាលទៅលើផ្នែកកសិកម្មបានលើកឡើងជាសំណួរមួយចំនួនថា តើកន្លងមកក៏ដូចជាបច្ចុប្បន្ន មានកសិករប៉ុន្មានអ្នកដែលបានទទួលការបណ្តុះបណ្តាល ឬក៏ណែនាំអំពីការប្រើប្រាស់ជីគីមីនិងថ្នាំកសិកម្មដែលត្រឹមត្រូវ មានប្រសិទ្ធភាព សុវត្ថិភាព ពិសេសមិនធ្វើឲ្យប៉ះពាល់ដល់ទាំងគុណភាពដីនិងគុណភាពស្រូវ/អង្ករ?តើក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធបានសិក្សាស្រាវជ្រាវ ចាត់វិធានការទៅលើ ថ្នាំគីមីនិងជីកសិកម្មដែលអាចធ្វើឲ្យប៉ះពាល់ដល់គុណភាពដី និងដំណាំកម្រិតណា?តើអ្វីជាវិធានការចំពោះមុខដែល ស្ថាប័នសាមីជំនាញត្រូវប្រកាន់យកដើម្បីដោះស្រាយឲ្យមានប្រសិទ្ធភាពចំពោះបញ្ហានៅក្នុងវិស័យកសិកម្មកម្ពុជានិយាយជារួម និងដោយឡែកសម្រាប់វិស័យស្រូវអង្ករ?

នៅទីនេះ យើងគប្បីពិនិត្យជារួមដែរថា តើអ្វីខ្លះជាបញ្ហាប្រឈមក្នុងវិស័យកសិកម្មនៅ កម្ពុជាពិសេសវិស័យស្រូវអង្ករ? កង្វះប្រព័ន្ធធារាសាស្ត្រស្រោចស្រព ចំណេះដឹងរបស់កសិករក្នុងការជ្រើសរើសពូជ ការប្រើប្រាសជីគីមីនិងថ្នាំកសិកម្ម ពិសេសបញ្ហាទីផ្សារ ត្រូវបានក្រុមអ្នកសិក្សាតាមដានបញ្ហាសង្គម រួមទាំងមន្ត្រីជំនាញមើលឃើញថា កំពុងក្លាយជា បញ្ហាប្រឈមដ៏ស្រួចស្រាល់មួយដែលទាមទារឲ្យគ្រប់តួអង្គពាក់ព័ន្ធរួមគ្នាដោះស្រាយ។
ឆ្លងកាត់វិញ្ញាសាដដែលដូចជា ថ្លៃស្រូវចុះថោកនៅរដូវប្រមូលផល កសិកខ្វះខាតទឹកធ្វើស្រែ កង្វះពូជស្រូវ។ល។ គួរល្មមដល់ពេលហើយដែលស្ថាប័នជំនាញពាក់ព័ន្ធពិសេស អង្គភាពនិងមន្ត្រីជំនាញកសិកម្មមានបទពិសោធគ្រប់គ្រាន់ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ដើម្បីកុំឲ្យបញ្ហាដដែលមកតាមលងបន្លាចប្រជាកសិករបន្តទៅទៀត។ កសិករដែលជាជនរងគ្រោះស្រាប់ មិនគួរក្លាយទៅជាអ្នកដែលត្រូវចង្អុលមុខឲ្យទទួលខុសត្រូវ ដើម្បីជាលេសមួយសម្រាប់សម្រាលការទទួលខុសត្រូវរបស់ក្រសួងស្ថាប័ននិងមន្ត្រីជំនាញទៀតនោះឡើយ។
ការណ៍ដែលលោកឡើងមកនេះ មិនមែនបានន័យថា ស្មេរមិនទទួលស្គាល់នូវរាល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល រដ្ឋមន្ត្រី និងមន្ត្រីជំនាញពាក់ព័ន្ធនោះឡើយពិសេសនៅក្នុង អំឡុងពេលដែលកសិករជួបបញ្ហាម្តងៗពិសេសបញ្ហាទីផ្សារស្រូវ។ ប៉ុន្តែកិច្ចអន្តរាគមន៍នោះ វាហាក់មិនមែនជាយន្តការដ៏មានប្រសិទ្ធភាពនិងមាននិរន្តរភាពនោះឡើយ វាគ្រាន់តែជារបៀបនៃការដោះទ័លតែប៉ុណ្ណោះ។ដំណោះស្រាយដ៏មានប្រសិទ្ធភាពនោះ គួរតែរៀបចំឲ្យចេញជាកញ្ចប់ព្រមគ្នា ទាំងកម្រិតគោលនយោបាយ បច្ចេកទេស អន្តរាគមន៍និងការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ពិសេសកសិករ៕


