ភ្លើងឆេះរាលដាលយ៉ាងលឿនដែលចាប់ផ្ដើមឆេះកាលពីថ្ងៃពុធ សប្ដាហ៍នេះ បានរាលដាលពាសពេញផ្ទៃដីជិត ៩,៥០០ហិចតានៃទីក្រុង Los Angeles ដែលជំរុញដោយខ្យល់បក់ខ្លាំង និងព្រៃស្ងួត បង្ខំឱ្យមានការជម្លៀសមនុស្សជាង ៣១.០០០នាក់ ខណៈក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រយុទ្ធទប់ស្កាត់ការឆេះរីករាលដាលកាន់តែខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន USA Today នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥។


យោងតាមទីភ្នាក់ងារ CalFire បានឱ្យដឹងថា គ្រោះអគ្គិភ័យចុងក្រោយបង្អស់ដែលត្រូវបានគេហៅថា Hughes Fire បានឆេះឆ្លងកាត់តំបន់ Castaic ហើយខ្យល់បក់ខ្លាំងក៏បានគំរាមកំហែងដល់តំបន់ជាយក្រុងផងដែរ។



ស្នងការប៉ូលីសក្រុង Los Angeles លោក Sheriff Robert Luna បានឱ្យដឹងថា «គិតមកដល់ថ្ងៃពុធ (ម៉ោងក្នុងស្រុក) មនុស្ស ៣១.០០០នាក់ ត្រូវបានជម្លៀសចេញ ហើយលោករំពឹងថា ចំនួននេះនឹងកើនឡើងបន្ថែមទៀត»។ ប៉ូលីសក្នុងទីក្រុង Los Angeles បានសង្កត់ធ្ងន់ឱ្យប្រជាជនរស់នៅក្បែរទីតាំងឆេះត្រៀមខ្លួនដើម្បីជម្លៀសខ្លួន។



សូមជម្រាបថា តំបន់ភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ាទាំងមូល បានស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ខណៈក្រុមពន្លត់អគ្គិភ័យកំពុងបន្តប្រយុទ្ធជាមួយភ្លើងឆេះព្រៃថ្មីមួយទៀត។ ការព្រមានទង់ក្រហមបានចូលជាធរមានរហូតដល់យប់ថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ សម្រាប់ផ្នែកខ្លះនៃទីក្រុង Los Angeles, ទីក្រុង Ventura និងទីក្រុង San Diego ដោយសារតែសំណើមទាប និងការរំពឹងថា ខ្យល់ព្យុះ Santa Ana នឹងបោកបក់នៅតំបន់ខាងលើ ហើយជំរុញឱ្យមានការឆាបឆេះកាន់តែ ខ្លាំង នេះបើយោងតាមសេវាអាកាសធាតុជាតិ៕

