អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​បញ្ជាក់​ថា ទោះបី​ជា​កម្រិត​ភាគល្អិត​នៅ​ក្នុង​ខ្យល់​មាន​ការ​កើន​ឡើង ប៉ុន្តែ​វា​មិន​ទាន់​ដល់​កម្រិត​គ្រោះថ្នាក់​ដល់​សុខភាព ដែល​ត្រូវ​ធ្វើ​ការ​ប្រកាស​អាសន្ន​នោះ​ទេ​។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី ២៣ ខែ​មករា ឆ្នាំ ២០២៥ នេះ ឯកឧត្ដម ខ្វៃ អាទិត្យា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លើក​ឡើង​ថា សារ​ធាតុ​បំពុល​ខ្យល់ ត្រូវ​បាន​អ្នក​ជំនាញ​កំណត់​លើ ឧស្ម័ន​ពុល​ចំនួន ៧ ប្រភេទ ហើយ​ក្នុង​នោះ​ផ្ដោត​សំខាន់​ខ្លាំង​ជាង​គេ​លើ​ធូលីល្អិតៗ (PM2.5) ។ បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ, ក្រសួង​បរិស្ថាន​បាន​សង្កេត​ឃើញ​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ កំហាប់​ភាគ​ល្អិត​ជាតិ​ពុល​នៅ​ក្នុង​ខ្យល់​មាន​ការ​កើន​ឡើង​ខុស​ពី​ធម្មតា​, ហើយ​នៅ​ថ្ងៃ​ទី ២២ ខែ​មករា នេះ​កំហាប់​ភាគ​ល្អិត​ក្នុង​ខ្យល់ បាន​កើ​ឡើង​រហូត​ដល់​ទៅ ៣៥​.​៧ មីក្រូក្រាម​ក្នុង​១​ម៉ែត្រត្រីគុណ ប៉ុន្តែ​ការ​កើន​ឡើង​នេះ មិន​ទាន់​ដល់​កម្រិត​បន្ទាត់​ក្រហម​ដែល​ត្រូវ​ប្រកាស​អាសន្ន ឬ​ចេញ​វិធានការ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​នោះ​ទេ​។ ឯកឧត្ដម​បញ្ជាក់​ថា កម្រិត​ដែល​ត្រូវ​ប្រកាស​អាសន្ន គឺ ៥០ មីក្រូ​ក្រាម​ក្នុង​១​ម៉ែត្រត្រីគុណ​។

បើ​តាម​ការ​លើកឡើង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ក្រសួង​បាន​ដាក់​ពង្រាយ​រថយន្ត​វាស់​គុណភាព​ខ្យល់​ចល័ត​ទាំង​៣​គ្រឿង ដើម្បី​បន្ត​តាមដាន​កម្រិត​ជាតិពុល​នៅ​ក្នុង​ខ្យល់​។

ពាក់ព័ន្ធ​នឹង​ការ​តាម​ដាន និង​ត្រួត​ពិនិត្យ​គុណភាព​ខ្យល់​នេះ ក្រសួង​បរិស្ថាន​បាន​ដាក់​ពង្រាយ​ស្ថានីយ និង​ឧបករណ៍​វាស់​គុណភាព​ខ្យល់​នៅ​ទូទាំង​ប្រទេស​ចំនួន ៦០ កន្លែង ក្នុង​នោះ ១០កន្លែងនៅក្នុងរាជធានីភ្នំពេញ បូង​រួម​ជា​មួយ​រថយន្ត​ចល័ត​២​គ្រឿង​បន្ថែម​ទៀត​។

មូល​ហេតុ​ចម្បង ដែល​បង្ក​ឲ្យ​មាន​ការ​បំពុល​ខ្យល់​ក្នុង​រយៈ​ពេល​ជាង​២០​ថ្ងៃ​ដើម​ឆ្នាំ ២០២៥ នេះ រួម​មាន ទី១ ការ​បំភាយ និង​ការ​ដុត​ផ្សេងៗ, ទី២ រង​ឥទ្ធពល​ខ្យល់​ពី​ប្រទេស​ជិត​ខាង ដែល​កំពុង​កើន​ឡើង​ឧស្ម័ន​ពុល​ក្នុង​ខ្យល់​, និង​មូលហេតុ​រួមផ្សំ​មួយ​ចំនួន​ទៀត​។

បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ National Thailand នៅ​ថ្ងៃ​ទី ២៣ ខែ​មករា ឆ្នាំ ២០២៥ នេះ បាន​ឲ្យ​ដឹង​ថា កម្រិត​ភាគ​ល្អិត​ក្នុង​ខ្យល់ (​PM2.5​) នៅ​ក្នុង​ខណ្ឌ​មួយ​ចំនួន​នៃ​រាជធានី​បាងកក កើន​ឡើង​ចន្លោះ​ពី ៨១​.​៤ ដល់ ៩៦.៦ មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រគីប ដែល​ជា​កម្រិត​មួយ​ដ៏​ខ្ពស់ និង​គ្រោះថ្នាក់​។ ចំណែក​នៅ​រដ្ឋធានី​ហាណូយ​វិញ Reuters បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ៤ មករា ២០២៥ ថា កម្រិត​ភាគ​ល្អិត​ក្នុង​ខ្យល់​មាន​រហូត​ដល់ ជាង ២៦០ មីក្រូក្រាម​ក្នុង​មួយ​មែត្រ​គីប ដែល​ជា​កម្រិត​ខ្ពស់ និង​គ្រោះថ្នាក់​បំផុត​។

សូម​បញ្ជាក់​ថា PM2.5 គឺ​សំដៅ​លើ​ធូលី​ល្អិត​មាន​ទំហំ ២.៥ មីក្រូក្រាម ឬ​ស្ទើរ​ជាង​នេះ ដែល​មាន​នៅ​ក្នុង​ខ្យល់​អាកាស​។ ធូលី​ទាំង​អស់​នេះ អាច​កើត​ចេញ​ពី​ការដ្ឋាន​សំណង់ ការ​ដុត (អុស សំរាម ប្រេង​ឥទ្ធនៈ ព្រៃ សំណល់​កសិកម្ម ជា​អាទិ) យានយន្ត និង​កត្តា​ផ្សេងៗ​ទៀត​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.