ដាវ៉ូស៖ អ៊ុយក្រែនចាត់ទុកការដាក់ទណ្ឌកម្មរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាសញ្ញាព្រមានដ៏ខ្លាំងក្លា និងបានកោតសរសើរចំពោះការគំរាមកំហែងដាក់ពន្ធគយ និងទណ្ឌកម្មលើរុស្ស៊ី ប្រសិនបើរុស្ស៊ី បដិសេធមិនធ្វើកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

លោក ត្រាំ​ ដែលបាននិយាយម្តងហើយម្តងទៀតថា លោកចង់បញ្ឈប់សង្រ្គាមក្នុងប្រទេសអ៊ុយក្រែន ដោយកាលពីថ្ងៃពុធ លោកបានអំពាវនាវទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បញ្ឈប់សង្រ្គាមដ៏គួរឱ្យអស់សំណើចនេះ ហើយបានគំរាមដាក់ទណ្ឌកម្ម ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយនៅទីក្រុង Davos ប្រទេសស្វីស «យើងពិតជាស្វាគមន៍ចំពោះសារដ៏រឹងមាំបែបនេះពីប្រធានាធិបតីអាមេរិក ហើយយើងជឿជាក់ថា គាត់នឹងក្លាយជាអ្នកឈ្នះ។ ហើយយើងជឿជាក់ថា យើងមានឱកាសបន្ថែមដើម្បីទទួលបាននូវភាពស្វាហាប់ថ្មី ក្នុងកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបញ្ចប់សង្រ្គាមនេះ»។

ទាក់ទិននឹងបញ្ហានេះ វិមានក្រឹមឡាំងបានឆ្លើយតបដោយបញ្ជាក់ថា ខ្លួនមិនឃើញមានអ្វីថ្មីជាពិសេសនៅក្នុងការគំរាមកំហែងរបស់លោក ត្រាំ នោះទេ ប៉ុន្ដែខ្លួនកំពុងតាមដានយ៉ាងជិតស្និទ្ធ «រាល់ភាពមិនច្បាស់លាស់» នៅក្នុងវោហាសាស្រ្តរបស់លោក ត្រាំ និងនៅតែបើកចំហសម្រាប់ការសន្ទនា។

នៅពេលគេសួរអំពីសុន្ទរកថារបស់លោក ត្រាំ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោក ត្រាំ ជារឿយៗបានអនុវត្តទណ្ឌកម្មលើប្រទេសរុស្ស៊ីអំឡុងអាណត្តិដំបូងរបស់លោក កាលជាប្រធានាធិបតី៕

ប្រភព៖ Reuters

ចុចអាន៖ លោក ត្រាំ សង្កត់ធ្ងន់ទៅកាន់លោកពូទីន ចង់ចូលតុចរចា ឬចង់ទទួលទណ្ឌ.កម្មកាន់តែធ្ងន់

Share.