អ័ព្ទធូលី PM2.5 បានក្លាយជាប្រធានបទចម្បងដ៏គួរឱ្យចាប់អារម្មណ៍និងយកចិត្តទុកដាក់មិនអាចរំលងបាន ដែលកម្រិតភាគល្អិត (PM2.5) នេះកំពុងកើតមានក្នុងបរិយាកាសតាមតំបន់ក្នុងប្រទេសកម្ពុជា។

ពិសេសក្នុងរាជធានីភ្នំពេញ បើទោះបីជាថ្មីៗនេះមន្ត្រីបរិស្ថានបញ្ជាក់ថា ទោះបីជាកម្រិតភាគល្អិត (PM2.5) នៅក្នុងខ្យល់មានការកើនឡើង (35.7 Microgram/Meter cube) ប៉ុន្តែវាមិនទាន់ដល់កម្រិត ដែលត្រូវធ្វើការប្រកាសអាសន្ននោះទេ។ កម្រិតដែលត្រូវប្រកាសអាសន្នគឺ (50 Microgram/Meter cube) ក្ដី ក៏យើងគ្រប់គ្នាគួរដឹងពីវិធីសាស្ត្រការពារសុខភាពដ៏ត្រឹមត្រូវផងដែរ។ តស់មកតាមដានជាមួយសារព័ត៌មានត្រយងទាំងអស់គ្នា៖
1. ពាក់ម៉ាសឱ្យមានប្រសិទ្ធភាព

ប្រើម៉ាសប្រភេទ N95 ឬម៉ាសដែលអាចត្រងធូលីតូចៗ PM2.5 បានល្អ និងចៀសវាងការប្រើម៉ាស់ក្រណាត់ស្ដើងទូទៅ ដែលមិនអាចច្រោះភាគល្អិតធូលីតូចៗបានយ៉ាងមានប្រសិទ្ធភាព។
2. ចៀសវាងសកម្មភាពក្រៅ

គប្បីតែកាត់បន្ថយ ការហាត់ប្រាណ ការចេញទៅកម្សាន្តនៅទីវាល ការប្រមូលផ្ដុំគ្នានៅខាងក្រៅ ឬសកម្មភាពផ្សេងៗទៀតនៅខាងក្រៅផ្ទះ ដែលស្ថិតក្នុងអំឡុងពេលបរិយាកាសមានកម្រិតធូលី PM2.5 ខ្ពស់។ ប្រសិនបើអ្នកត្រូវការចេញទៅក្រៅ អ្នកគួរប្រើម៉ាស់ឱ្យបានត្រឹមត្រូវ ហើយព្យាយាមនៅក្នុងតំបន់ដែលមានអ័ព្ទធូលី PM2.5 តិចបំផុត។
3. បិទបង្អួច និងប្រើម៉ាស៊ីនបន្សុទ្ធខ្យល់នៅក្នុងផ្ទះរបស់អ្នក

បិទបង្អួច និងទ្វារ ដើម្បីកុំឱ្យធូលីចូលក្នុងផ្ទះ ហើយប្រើម៉ាស៊ីនបន្សុទ្ធខ្យល់ដែលមានតម្រង HEPA ដែលអាចច្រោះធូលី PM2.5 ។ សម្អាតតម្រងម៉ាស៊ីនបន្សុទ្ធខ្យល់ឱ្យបានទៀងទាត់។
4. តាមដានព័ត៌មានពិតពីការវាយតម្លៃកម្រិតធូលី PM2.5

គួរតែបង្កើនការប្រុងប្រយ័ត្ន និងតាមដានព័ត៌មានពិតដែលប្រកាសចេញពីក្រសួងពាក់ព័ន្ធយ៉ាងផ្លូវការ ដើម្បីចៀសវាងការទទួលយកនូវព័ត៌មានក្លែងក្លាយដែលកាន់តែបង្ករឱ្យមានការភ័តភ័យដល់អ្នក។
5. វិធានថែរក្សាសុខភាពរបស់អ្នក

ពិសាទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីជួយរាងកាយកម្ចាត់ជាតិពុល បរិភោគអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដូចជាបន្លែ និងផ្លែឈើ។ សម្រាកឱ្យបានគ្រប់គ្រាន់ និងជចៀសវាងភាពតានតឹង និងដើម្បីឱ្យប្រព័ន្ធភាពស៊ាំដំណើរការបានល្អ។
6. តាមដានរោគសញ្ញាសុខភាពមិនប្រក្រតី

ប្រសិនបើអ្នកមានអាការការក្អកមិនឈប់ ពិបាកដកដង្ហើម តឹងទ្រូង ឬក្រហាយភ្នែក អ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់។ ជាពិសេសអ្នកដែលមានជំងឺប្រចាំកាយដូចជាសួត ឬជំងឺបេះដូង។
7. កាត់បន្ថយការបំពុលបរិយាកាសបន្ថែម

ចៀសវាងការដុតកាកសំណល់ ឬប្រើឥន្ធនៈហ្វូស៊ីលនៅផ្ទះ។ ប្រើប្រាស់រថយន្តឱ្យតិច ហើយងាកទៅរកមធ្យោបាយជញ្ជូនសាធារណៈ ឬការធ្វើដំណើរដោយទោចក្រយានជាដើម។
ជាមួយរួមមកវិញ វិធីការថែរក្សាសុខភាពរបស់អ្នកខាងលើនៅក្នុងអំឡុងពេលដែលបរិយាកាសមានកម្រិតភាគល្អិត PM2.5 មិនត្រឹមតែជួយការពារបញ្ហាសុខភាពបានមួយរយៈពេល ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃក្នុងរយៈពេលយូរបានផងដែរ។ សូមចូលរួមថែរក្សាសុខភាពទាំងអស់គ្នា៕


