ដាវ៉ូស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃព្រហស្បតិ៍ ថា លោកចង់ជួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីសម្រេចឱ្យនូវបានការបិទបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន និងបង្ហាញពីបំណងចង់ធ្វើការឆ្ពោះទៅរកការកាត់អាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី២៤ ខែមករា​ ឆ្នាំ២០២៥។

ថ្លែង​នៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos លោក ត្រាំ បានថ្លែងថា «ខ្ញុំចង់ជួបលោកប្រធានាធិបតី ពូទីន ឱ្យបានឆាប់ ដើម្បីបិទបញ្ចប់សង្រ្គាម»។

ប៉ុន្មានម៉ោងក្រោយមក ក្នុងថ្ងៃដដែល លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមាន «លោកបានត្រៀមខ្លួនជាស្រេចដើម្បីជួបជាមួយលោក ពូទីន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចប់នូវអ្វីដែលលោកហៅថាសង្រ្គាមដ៏គួរឱ្យអស់សំណើច»។

លោក ត្រាំ បាននិយាយថា «តាមអ្វីដែលខ្ញុំឮ លោកពូទីន ក៏ចង់ជួបខ្ញុំដែរ ហើយយើងនឹងជួបគ្នាឱ្យបានឆាប់តាមដែលអាចធ្វើបាន»។

ទន្ទឹមនោះ​ លោក ត្រាំ បានបន្ថែមថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានប្រាប់លោកផ្ទាល់ថា ត្រៀមខ្លួនរួចជាស្រេច​ដើម្បីស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម។

ក្នុងវេទិកាវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos លោក ត្រាំ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីទទួលបានដំណោះស្រាយសន្ដិភាព កំពុងដំណើរការដោយក្ដីសង្ឃឹម ប៉ុន្ដែមិនបានបញ្ជាក់លម្អិតទេ។

គួររំលឹកថា ក្នុង​ការ​ឈ្នះ​ឆ្នោត​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា លោក ត្រាំ បាន​ប្រកាស​ជា​ច្រើន​ដង​ថា លោក​នឹង​មាន​កិច្ច​ព្រម​ព្រៀង​មួយ​រវាង​អ៊ុយក្រែន និង​រុស្ស៊ី នៅ​ថ្ងៃ​កាន់​តំណែង​ដំបូង​របស់​លោក ដោយប្រកាសប្រើពេលបញ្ចប់សង្រ្គាមត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ។ ប៉ុន្ដែទីប្រឹក្សា​របស់​លោក ត្រាំ ​បាន​ទទួល​ស្គាល់​ថា ការបិទបញ្ចប់សង្គ្រាមរវាងប្រទេសទាំង២ ​នឹង​ត្រូវ​ចំណាយ​ពេល​រាប់​ខែ​ដើម្បី​ដោះស្រាយ៕

ប្រភព៖ CNA

Share.