តាកែវ៖ សមត្ថកិច្ចនគរបាលក្រុងដូនកែវ បានឃាត់រថយន្តFord ២គ្រឿង បន្ទាប់ពីបានបើកដេញបុ.កគ្នាពេញផ្លូវ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្ដតាកែវ។

រថយន្តទាំងពីរដែលសម្ថកិច្ចឃាត់បាន មួយគ្រឿងម៉ាក ford territory ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2CC-2424 និងមួយគ្រឿងទៀត ម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BY-6072 ហើយបាននាំមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ។ ចំណែកភាគីម្ចាស់រថយន្ដ Ford ពណ៌ខ្មៅ ត្រូវបានបក្ខពួកបើកឡានមករំដោះគេចខ្លួនបាត់។

ជុំវិញករណីខាងលើ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការរងទទួលព្រហម្មទណ្ឌបានឲ្យដឹងថា ករណីខាងលើជារឿងអ្នកលក់រថយន្ត និងអ្នកទិញរថយន្ដបង់រំលោះ ដែលមិនបានបំពេញតាមគោលការណ៍ក្រុមហ៊ុនបង់ប្រាក់តាមការកំណត់ ហើយមានការគេចវេសពីក្រុមហ៊ុន ទើបធ្វើឲ្យភាគីជាម្ចាស់លក់រថយន្ដ បើករថយន្តតាមរក ស្រាប់តែប្រទះឃើញនៅក្រុងដូនកែវ បានហៅឲ្យឈប់តែម្ចាស់រថយន្ដពណ៌ខ្មៅ មិនបានឈប់ឡើយ ថែមទាំងព្យាយ៉ាមបើករត់គេច ទើបភាគីរថយន្ដ Ford ពណ៌ស ខាងក្រុមហ៊ុនបង់រំលោះរថយន្ដ ជិះតាមជែង កៀរ និងបុកពីក្រោយ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅកណ្ដាលក្រុងដូនកែវ បង្កការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋទាំងព្រលឹងចុងសក់ រហូតទៅឈប់នៅជាយក្រុង ឋិតនៅភូមិឃុំ-សង្កាត់ខាងលើ។ឮ

លោកឧត្ដមសេនីយ៍ត្រី ហ៊ិន សុខខេង បានបន្តទៀតថា ការគេចវេសមិនបង់លុយជារឿងមួយ ករណីបើកបុកបង្កឲ្យគ្រោះថ្នាក់ជារឿងគ្រោះថ្នាក់ចរាចរណ៍មួយទៀត។  ដោយឡែកករណីមានចេតនាបើកបំបុក វាជារឿងព្រហ្មទណ្ឌ ដែលសកម្មភាពនេះ មិនមានកិច្ចសហការជាមួយសមត្ថកិច្ចណាឡើយ ហើយករណីនេះ លោកកំពុងសុំគោលការណ៍ពីលោកស្នងការខេត្ត និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ដើម្បីឃាត់រថយន្តទុកបណ្ដោះអាសន្ន៕

អត្ថបទ៖ កណ្តាល

Share.