អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងចាកចេញពីអង្គការសុខភាពពិភពលោក នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីបានជូនដំណឹងជាផ្លូវការអំពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានចោទប្រកាន់ទីភ្នាក់ងារនេះថា បានគ្រប់គ្រងមិនបានល្អចំពោះបញ្ហាជំងឺរាតត្បាតកូវីដ១៩ និងវិបត្តិសុខភាពអន្តរជាតិផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥។

លោក ត្រាំ បានប្រកាសពីការផ្លាស់ប្តូរនេះកាលពីថ្ងៃចន្ទ ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកបានស្បថចូលកាន់តំណែងសម្រាប់អាណត្តិទី២ ក្នុងរយៈពេល ៤ឆ្នាំ។
ទាក់ទិននឹងបញ្ហានេះ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារ ថា ខ្លួនមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការដកខ្លួនពីប្រទេសម្ចាស់ជំនួយដ៏ធំរបស់ខ្លួន។

លោក ត្រាំ ត្រូវតែផ្តល់ការជូនដំណឹងរយៈពេលមួយឆ្នាំអំពីការដកសហរដ្ឋអាមេរិកចេញពីស្ថាប័នដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ហើយបង់ថ្លៃសេវារបស់ទីក្រុងវ៉ាស៊ីនតោន ក្រោមសេចក្ដីសម្រេចរួមឆ្នាំ១៩៤៨ របស់សភាសហរដ្ឋអាមេរិក។
រហូតមកដល់ពេលនេះសហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតរបស់ WHO ដោយបានរួមចំណែកប្រហែល ១៨% នៃមូលនិធិសរុបរបស់ខ្លួន។ ថវិការយៈពេល ២ឆ្នាំចុងក្រោយបំផុតរបស់ WHO សម្រាប់ឆ្នាំ ២០២៤-២០២៥មានចំនួន ៦.៨ពាន់លានដុល្លារ។ គេមិនទាន់ដឹងច្បាស់ទេថា តើអាមេរិកនៅជំពាក់ប៉ុន្មានទៀតនោះ។

លោក Farhan Haq អ្នកនាំពាក្យរងអង្គការសហប្រជាជាតិ បាននិយាយថា «ខ្ញុំអាចបញ្ជាក់បានថា ឥឡូវនេះយើងបានទទួលលិខិតរបស់សហរដ្ឋអាមេរិកស្តីពីការដកខ្លួនរបស់អង្គការសុខភាពពិភពលោក ដែលនឹងប្រឹព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ។
បើតាមអ្នកជំនាញជាច្រើនក្នុង និងក្រៅអង្គការ WHO បានព្រមានថា ការចាកចេញរបស់អាមេរិក ទំនងជានឹងធ្វើឱ្យកម្មវិធីសុខភាពរងហានិភ័យនៅទូទាំងអង្គការ ជាពិសេសគឺជំងឺរបេង ដែលជាឃាតករជំងឺឆ្លងដ៏ធំបំផុតរបស់ពិភពលោក ក៏ដូចជាមេរោគអេដស៍ ឬជំងឺអេដស៍ និងបញ្ហាសុខភាពផ្សេងៗទៀត។

នៅក្នុងបទបញ្ជាដកខ្លួនដែលចុះហត្ថលេខាដោយលោក ត្រាំ បាននិយាយថា រដ្ឋបាលនឹងបញ្ឈប់ការចរចាលើសន្ធិសញ្ញាជំងឺរាតត្បាតរបស់អង្គការ WHO ខណៈការដកខ្លួនកំពុងដំណើរការ។
ទន្ទឹមនោះ បុគ្គលិករដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលធ្វើការជាមួយអង្គការ WHO នឹងត្រូវបានត្រឡប់មកចាត់តាំងឡើងវិញ ហើយរដ្ឋាភិបាលនឹងស្វែងរកដៃគូដើម្បីគ្រប់គ្រងសកម្មភាពចាំបាច់របស់ WHO៕

