បញ្ហាលួចចម្លង និងចែកចាយបន្តភាពយន្ត (កុន) ខ្មែរ ដែលផលិតករខ្មែរខំផលិត ទៅចែកចាយបន្តនៅតែជាបញ្ហាចំបង ហើយក៏ជាដំបៅមហារីក ពិបាកព្យាបាល ព្រោះបើទោះជាមានការចាប់ និងព្រមាន គ្រប់រូបភាព នៅតែមិនអាចទប់ស្កាត់ឈ្នះ រហូតដល់លោក លៀក លីដា ដែលជាអ្នកជំនាញដឹកនាំ និងផលិតភាពយន្តឈានមុខម្នាក់ បានចេញមកត្អូញត្អែរពីការខាតបង់និងផលលំបាកផ្សេងៗ។

បុរសមានបទពិសោធន៍ជោគជាំនៅក្នុងវិស័យកុនរូបនេះ បានចេញមកបង្ហោះសារនៅព្រឹកថ្ងៃទី២៤ ខែមករា នេះ បន្ទាប់ពីមានការចេញមកសុំទោសរបស់ម្ចាស់គណនីម្នាក់ ដែលមានឈ្មោះថា Mr. Tii ជាម្ចាស់ ឆាណែល LB Gaming Sports។ ឆាណែលយូធូបនេះ បានលួចស្នាដៃភាពយន្តខ្មែរឿង ប្រវត្តិស្នេហ៍នាងនាថ យុវវ័យក្រោយសម័យអង្គរ ទៅបង្ហោះចែកចាយនៅលើឆាណែលខ្លួន ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ។

លោក លៀក លីដា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «តើពេលណា បង ប្អូនយល់? បើយ៉ាងៗនេះតើអោយខ្ញុំមានកំលាំងឯណាទៅផលិតរឿងធំៗ។ សូមអ្នកផ្សេងកំធ្វើចឹងទៀត យើងមានបច្ចេកទេសក្នុងការតាមចាប់អ្នកដែលលួច ថតចម្លងចេញពី screen របស់ADC ជាប្រភពដើម។ ហើយអ្នកដែលចែកចាយបន្តមេត្តា ឈប់ពួកយើងខាតច្រើនណាស់ ទាំងលុយ ទាំងកំលាំងនិងតំលៃសិល្បៈរបស់ពួកខ្ញុំ , លុយដែលបានពី View នៃមើលលើ channelរបស់អ្នក វាមិនបាន 0.01% នៃការខាតបង់របស់ផលិតករខ្មែរយើងទេ សូមចិត្តបងប្អូនរៀនយល់និងអោយតំលៃដោយសុជីវធម៌»

ប្រសិនបើនៅតែមានទង្វើ និងសកម្មភាពបែបនេះជាបន្តបន្ទាប់នោះផលិតករភាពយន្តនឹងកាន់តែបាក់ទឹកចិត្ត រីឯកម្លាំងផលិតនឹងកាន់តែមានការថយចុះ ជាលទ្ធផលវិស័យភាពយន្តខ្នាតធំ ឬ កុនខ្មែរ នឹងដាំក្បាលចុះ ឬក៏ដើរថយក្រោយ។ ស្របពេលជាមួយគ្នានេះដែរ បច្ចុប្បន្ននេះការប្រកួតប្រជែងកាន់តែខ្ពស់ ផលិតកម្មនីមួយៗព្យាយាមចាយទុនច្រើនដើម្បីផលិតកុនគុណភាព តែហាក់ពិបាកនឹងបន្តដំណើរទៅបាន មិនមែនប្រកួតប្រជែងមិនឈ្នះបរទេសនោះឡ់ើយ តែអាស្រ័យដោយសារកត្តានៃការចូលរួមគាំទ្រ និងបញ្ឈប់ឱ្យបានទង្វើលួចចម្លងស្នាដៃ នៅមិនទាន់មានប្រសិទ្ធភាពខ្ពស់។

