កំពង់ចាម៖ នេះព្រឹកថ្ងៃទី ២៤ ខែមករាឆ្នាំ ២០២៥ មន្ត្រីការិ.ផលិតកម្ម និងបសុ.ខេត្តកំពង់ចាមចុះពិនិត្យ ការដាក់តាំងលក់សាច់សត្វលើទីផ្សារក្នុងស្រុកទាំង 10 ក្នុងខេត្តកំពង់ចាមដើម្បីពិនិត្យសត្វជ្រូកនិងវាយត្រាលើសាច់ជ្រូកបញ្ជាក់បានពិនិត្យត្រឹមត្រូវ ។

មន្ត្រីនៃមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា មន្ត្រីការិ.ផលិតកម្ម និងបសុ.ខេត្ត សហការជាមួយមន្ត្រីការិ.សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុង ទទួល បន្ទុកការងារផលិតកម្ម និងបសុព្យាបាល និងមន្ត្រីការិ.កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកព្រៃឈរ ស្រុកជើងព្រៃ ស្រុកចំការលើ ស្រុកកងមាស ស្រុកស្រីសន្ធរ ស្រុកកោះសូទិន និងស្រុកកំពង់សៀម ដែលទទួលបន្ទុកការងារផលិតកម្ម និងបសុព្យាបាលស្រុក បានពិនិត្យសុខភាពសត្វមុនពេលពិឃាត និងអូសត្រាលើផ្ទាំងសាច់ក្រោយពេលពិឃាត ព្រមទាំងបានចុះត្រួតពិនិត្យ តាមដានការដាក់តាំងលក់សាច់សត្វ និងផលិតផល ដែលមានដើមកំណើតពីសត្វ នៅ តាមទីផ្សារនានាក្នុងខេត្តកំពង់ចាម ។

មន្ត្រីរូបនោះបានបញ្ជាក់បន្ថែមទៀតថាការធ្វើដូចនេះដើម្បីធានាដល់អតិថិជនទាំងឡាយដែលទិញសាច់ជ្រូកនៅក្នុងខេត្តកំពង់ចាមបានសាច់ជ្រូកល្អយកទៅបរិភោគដែលកន្លងមកបរិភោគដោយសាច់ជ្រូកដែលគ្មានប្រភពច្បាស់លាស់ហើយមិនដឹងថាសាច់ជ្រូកនេះមកពីណាឡើយ ។

ប្រជាពលរដ្ឋអ្នកដែលទិញសាច់ជ្រូកម្នាក់បានប្រាប់ភ្នាក់ងារពត៌មានយើងឲ្យដឹងថាការធ្វើដូចនេះជាការល្អមួយក្នុងការធានាដែលសាច់ជ្រូកមានគុណភាពនៅធ្វើឱ្យអ្នកទិញទុកចិត្តក្នុងការបរិភោគជៀសជាងការបរិភោគសាច់ជ្រូកដោយស្រពិចស្រពិលដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ជាមួយគ្នានោះគាត់គាំទ្រពេញទំហឹងក្នុងការធ្វើដូច្នេះ ៕

អត្ថបទ៖ អាចារ្យលាក់

