រាជរដ្ឋាភិបាលតាមរយៈ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៤២ គម្រោង ដែលក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ១៥, គម្រោងថ្មី ចំនួន ១២, ការពង្រីកគម្រោង ចំនួន ៣, និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ១២ គម្រោង ដែលមានទុនវិនិយោគសរុប ៥៦៥ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ៧ ៣០៨ កន្លែង។ គម្រោងទាំងនោះរួមមានជាអាទិ៍ គម្រោងភណ្ឌាគារគយមានដែនកំណត់, គម្រោងផ្ទះលំហែនៅកោះរ៉ុងសន្លឹម, គម្រោងរមនីយដ្ឋាន អេកូ កសិទេសចរណ៍, គម្រោងសួនឧស្សាហកម្ម, គម្រោងសណ្ឋាគារ, និង គម្រោងអគារពហុមុខងារ ។

ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឯកឧត្តម ហ៊ាន សាហ៊ីប មានលើកឡើងថា រាជរដ្ឋាភិបាលបានយល់ព្រមឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» រហូតដល់ដំណាច់ឆ្នាំ២០២៥ ដោយរក្សាវិធានការទាំងឡាយដែលមានស្រាប់ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និង ឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបន្តថា សម្រាប់ទិសដៅការងារក្នុងឆ្នាំ ២០២៥, ក្រុមការងារត្រូវបន្តបំពេញភារកិច្ចស្នូលចំនួន ៣ ឱ្យទទួលបានលទ្ធផលល្អប្រសើរ ដែលកិច្ចការទាំងនោះរួមមាន៖ ទី១. បន្តពិនិត្យផ្តល់ការលើកទឹកចិត្តពិសេស ការប្រឹក្សាយោបល់ និង បដិសណ្ឋារកិច្ច និង ធ្វើការផ្សព្វផ្សាយ ដើម្បីទាក់ទាញ និង ជំរុញការវិនិយោគ ក្នុងក្របខណ្ឌនៃយន្តការច្រកចេញចូលតែមួយ។ ទី២. បន្តពិនិត្យ និង ជំរុញការអនុវត្តគម្រោងវិនិយោគ និង ធុរកិច្ច រួមទាំងការផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដល់គម្រោងដែលទទួលបានការលើកទឹកចិត្តរួចហើយ, ជា ពិសេសការដោះស្រាយគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង និងដំណើរការអនុវត្តគម្រោង ក្នុងក្របខ័ណ្ឌនៃការផ្តល់សេវាថែទាំវិនិយោគ និងការសម្របសម្រួល និង ទី៣. បន្តពង្រឹងសមត្ថភាព និង ការរៀបចំធនធានមន្ត្រី ដោយប្រកាន់ខ្ជាប់ការគ្រប់គ្រងមន្ត្រីដែលទទួលខុសត្រូវ និង មានគុណវុឌ្ឍិ ក្នុងការគ្រប់គ្រងដឹកនាំអនុវត្តការងារជាប្រចាំ ដើម្បីធានាប្រសិទ្ធភាព និងភាពម្ចាស់ការ ព្រមទាំងទាក់ទាញការវិនិយោគសក្តានុពលសំខាន់ៗ ។

សូមជម្រាបថា សម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងទាំង ៤២ នៅខេត្តព្រះសីហនុនេះ ធ្វើឡើងក្នុង កិច្ចប្រជុំលើកទី ១៣ ដើម្បីពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ហើយក៏ជាលើកទី ១ សម្រាប់ឆ្នាំ ២០២៥ ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” នាព្រឹកថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ៕

Share.