ត្បូងឃ្មុំ: បនល្បែងស៊ីសងខុសច្បាប់ចំនួន២កន្លែង មានយូគី និងអាប៉ោង ជាដើម ដែលលួចលាក់លេងនៅចំណុចក្បែរច្រកទ្វារត្រពាំងផ្លុង ព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នោះ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប កាលពីវេលាម៉ោងប្រមាណជិត១០យប់ ថ្ងៃទី២៣ ខែមករា ។




ការឆ្មក់បង្ក្រាបល្បែងស៊ីសងនេះ បានធ្វើឡើងតាមបញ្ជារបស់ស្នងការនគរបាលខេត្ត និងដើម្បីពង្រឹងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពក្នុងមូលដ្ឋាន។ ពីព្រោះការលេងល្បែងនាំឱ្យកើតមានអំពើហិង្សា ចោរកម្ម និងបទល្មើសផ្សេងៗ។ បើតាមព័ត៌មានដែលទទួលបាន បនល្បែង និងក្រុមអ្នកញៀនល្បែងខាងលើនេះ បាននាំគ្នាសម្ងំលេង ដោយមិនខ្លាចរអែងអ្នកណាឡើយ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមករា នេះថា ប្រតិបត្តិការខាងលើនេះ ឃាត់ខ្លួនមនុស្សចំនួន៤នាក់ ក្នុងនោះមានម្នាក់ជាជនបរទេសផងដែរ ជាជនជាតិបង់ក្លាដេស និងដកហូតវត្ថុតាងមួយចំនួន។






បច្ចុប្បន្ន ជនសង្ស័យខាងលើ ព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបំពេញបែបបទ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
អត្ថបទ÷អាចារ្យលាក់
