ត្បូងឃ្មុំ: នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម សហការជាមួយរដ្ឋបាលស្រុកពញាក្រែក រដ្ឋបាលឃុំអញ្ចើម ស្រុកត្បូងឃ្មុំ រដ្ឋបាលឃុំកក់ ស្រុកពញាក្រែក សហគមន៍កសិកម្មសាមគ្គីកក់ និងប្រជាកសិករ ចុះពិនិត្យស្ថានភាពដំណាំស្រូវរដូវប្រាំងនិងប្រភពទឹក ដើម្បីត្រៀមអន្តរាគមន៍ស្រោចស្រព ករណីមានតម្រូវការទឹកចាំបាច់ ។


តាមការចុះពិនិត្យមានប្រភពទឹក០៣ប្រភេទ សម្រាប់អន្តរាគមន៍រួមមាន ទឹកអណ្តូង ទឹកកណ្សិនទឹកវត្តព្រៃនគរក្នុង និងទំនប់បាក់អាយ។ មកដល់ពេលនេះ ទឹកស្រោចស្រព នៅអាចស្រោចស្រពដំណាំស្រូវបាន ។


ទោះយ៉ាងណា ក្រុមការងារ បានសំណូមពរដល់បងប្អូនប្រជាកសិករ ត្រូវបូមទឹកស្រោចស្រពដោយសន្សំសំចៃ អាជ្ញាធរឃុំ ត្រូវបន្តតាមដានជាប្រចាំ ករណីខ្វះទឹកជាក់ស្តែង ដុំរាយការណ៍ជាបន្ទាន់មកមន្ទីរជំនាញ ស្រុក ខេត្ត។ ទន្ទឹមនេះ សុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋផ្អាកការដាំដុះបន្ថែមក្នុងឱកាសនេះ ។




គួររំលឹកថា ក្នុងរដូវប្រាំងឆ្នាំ២០២៥នេះ ក្នុងឃុំដូនតី មានដាំដុះស្រូវរដូវប្រាំងប្រមាណ ១៥០ហិកតា ឃុំកក់មានដាំដុះលើផ្ទៃដីប្រមាណ ៣០០ហិកតា ដែលកើនលើសពីឆ្នាំ២០២៤ទ្វេរដង ។






សូមជម្រាបជូនថា: ឆ្នាំ២០២៥នេះ ក្នុងខេត្តត្បូងឃ្មុំ មានដាំដុះស្រូវរដូវប្រាំងប្រមាណ ១៥ ០០០ហិកតា កើនលើសឆ្នា២០២៥ ប្រមាណ ២ ០០០ហិកតា។ ស្រូវបានប្រមូលផលជាបណ្តើរៗ ហើយបានលក់ចេញដោយមិនមានការកកស្ទះទីផ្សារនោះទេ ។





ចំពោះស្ថានភាពដំណាំស្រូវដែលសេសសល់ នឹងបន្តប្រមូលផលរហូតដល់ចុងពាក់កណ្តាលខែមិនា។ ភូមិសាស្ត្រដែលមានប្រឈមខ្វះទឹកស្រោចស្រពនិងមានប្រភពទឹក ត្រូវបានរដ្ឋបាលខេត្ត ណែនាំនិងអន្តរាគមន៍បូមផ្គត់ផ្គង់ជាបន្តបន្ទាប់។ ទោះយ៉ាងណា មិនមានភូមិសាស្រ្តខ្វះទឹកបូមអន្តរាគមន៍ ដែលបណ្តាលឲ្យខូចខាតស្រូវនោះទេ ៕
អត្ថបទ÷ អាចារ្យលាក់
