ភ្នំពេញ ៖ ទីតាំងហ្គេមអនឡាញចាស់ដុះស្លែមួយកន្លែង ស្ថិតនៅតាមផ្លូវបេតុង ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពង្វក់ពលរដ្ឋ ប្រមូលផ្តុំជក់គ្រឿងញៀន ច្រើនឆ្នាំមកហើយ ទោះជាមានមតិរិះគន់ពីពលរដ្ឋជុំវិញអសន្តិសុខក្នុងមូលដ្ឋានក៏ដោយ នៅតែឃើញបើកទទួលលេងធ្វើរំភើយ ទើបតែនៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នេះ កម្លាំងគណបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះទៅបង្ក្រាប ឃាត់ខ្លួនមនុស្ស២នាក់ ដកហូតបានសម្ភារៈមួយចំនួន។


តាមអាជ្ញាធរបានឱ្យដឹងថា កម្លាំងគណបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក ផុន សុផាន អភិបាលរងខណ្ឌ ចុះបង្រាបទីតាំងផ្ទះណេតលួចលេងល្បែងសុីសងតាមអនឡាញមួយកន្លែងនៅចំណុចខាងលើ ជាក់ស្តែងឃាត់ស្ត្រី២នាក់ ជាអ្នកមើលការខុសត្រូវ និងដកហូតបានសម្ភារៈមួយចំនួនទៀត។


តាមការលើកឡើងរបស់ពលរដ្ឋបានឱ្យដឹងថា ទីតាំងខាងលើ បើកលេងល្បែងសុីសង តាមអុីនធឺណេត ពង្វក់ក្រុមយុវវ័យ ពលរដ្ឋ ហើយក៏ជាទីកន្លែងប្រមូលផ្តុំជក់គ្រឿងញៀនផងដែរ ច្រើនខែឆ្នាំមកហើយ ទោះជាប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាល ប្រកាស ចរាចរណ៍ណែនាំ លុបបំបាត់ល្បែងសុីសងខុសច្បាប់ យ៉ាងណាក្តី ទីតាំងមួយកន្លែងនេះ ហាក់បីដូចជាមិនខ្វល់ ទើបតែនៅពេលនេះ កម្លាំងចុះបង្ក្រាប តែមិនដឹងថា អាចមានវាសនាបន្តបើកលេងវិញឬយ៉ាងណានោះទេ។



ប្រតិបត្តិការខាងលើ សម្ភារៈដកហូតបាន យកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌ ចំណែកស្ត្រី២នាក់ ឃាត់បាននៅផ្ទះបនល្បែង ប្រគល់ឱ្យប៉ុស្តិ៍ចោមចៅទី៣ សាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖ តាតុងសែនជ័យ

