លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងដាក់វិធានការសងសឹកយ៉ាងធ្ងន់ធ្ងរលើប្រទេសកូឡុំប៊ី ដោយប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចយកពន្ធគយ បន្ទាប់ពីប្រទេសនៅអាមេរិកខាងត្បូងមួយនេះ បានរារាំងមិនឱ្យយន្តហោះយោធាអាមេរិកដឹកជនអន្ដោប្រវេសន៍ចំនួន ២គ្រឿង ចុះចតនៅក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥។

ប្រទេសកូឡុំប៊ី ដែលជាដៃគូពាណិជ្ជកម្មធំជាងគេទី៣ របស់សហរដ្ឋអាមេរិកនៅអាមេរិកឡាទីន ត្រូវបានលោក ដូណាល់ ត្រាំ ព្រមានថានឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចដោយយកពន្ធ ២៥% ក្នុងមួយសប្ដាហ៍ ហើយអាចដំឡើងដល់ ៥០% លើប្រទេសកូឡុំប៊ី។
បន្ទាប់មកប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ថា លោកបានដឹកនាំរដ្ឋមន្រ្តីពាណិជ្ជកម្ម ឱ្យដំឡើងពន្ធលើការនាំចូលទំនិញអាមេរិក ២៥% ដូចគ្នា។

កូឡុំប៊ី គឺជាប្រទេសទីពីរនៅអាមេរិកឡាទីនដែលរារាំងការហោះហើររបស់យោធាអាមេរិក។ សកម្មភាពដាក់ទណ្ឌកម្មរបស់លោក ត្រាំ បានបង្ហាញឱ្យឃើញពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ក្នុងការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ និងចាត់វិធានការឥតត្រាប្រណី ចំពោះប្រទេសណាដែលមិនព្រមទទួលយកពួកគេត្រឡប់ទៅវិញ នេះ គឺជាគោលនយោបាយដែលលោក ត្រាំ ចាប់អនុវត្តយ៉ាងម៉ឺងម៉ាត់ជាទីបំផុត ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧។

លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម Truth Social ថា ការបដិសេធមិនព្រមទទួលយកជនអន្ដោប្រវេសន៍របស់ខ្លួន បានធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខជាតិរបស់សហរដ្ឋអាមេរិក។ លោក នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងហាមឃាតការធ្វើដំណើរចូលប្រទេសអាមេរិក រួមទាំងដកហូតទិដ្ឋាការមន្រ្តីរដ្ឋាភិបាលកូឡុំប៊ីទាំងអស់ រួមជាមួយសម្ព័ន្ធមិត្តនិងអ្នកគាំទ្ររបស់ពួកគេផងដែរ។

លោក ត្រាំ បានបន្ដថា លោកក៏នឹងដឹកនាំការត្រួតពិនិត្យនៅតំបន់ព្រំដែនផងដែរ។ លោក ថា វិធានការទាំងនេះ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។ យើងនឹងមិនអនុញ្ញាតឱ្យរដ្ឋាភិបាលកូឡុំប៊ី រំលោភលើកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួនទាក់ទងនឹងការទទួលយក និងការបញ្ជូនឧក្រិដ្ឋជនដែលពួកគេបានបង្ខំឱ្យចូលសហរដ្ឋអាមេរិកវិញទេ។
ទាក់ទិននឹងបញ្ហានេះ ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ បាននិងកំពុងបើកការវាយឆ្មក់ប្រចាំថ្ងៃនៅទូទាំងសហរដ្ឋអាមេរិក៕

