លោកជំទាវចិត្តធម៌ សុខ រស្មី ក៏ជាបុគ្គលមានមុខមាត់ក្នុងសង្គមមួយរូបដែលបានចេញមកប្រកាសជួយទិញស្រូវប្រជាពលរដ្ឋ ដើម្បីជួយសម្រួលមួយផ្នែកដល់ពលរដ្ឋដែលកំពុងតែជួបប្រទះនឹងបញ្ហាប្រឈម។



ត្បិតប្រកាសថាជួយទិញស្រូវត្រឹមតែ ២០តោន ប៉ុន្តែនៅពេលចុះទៅដល់នឹងបានជួបជាមួយនឹងពលរដ្ឋ ពីចំនួន ២០តោន ប្រែក្លាយទៅជាចំនួន ១២៨តោន ប៉ុន្តែចំនួនដ៏ច្រើននេះត្រូវបានលោកជំទាវបញ្ជាក់ថាមិនមែនតែលោកជំទាវ ជួយទិញតែម្នាក់ឯងនោះឡើយ តែមានការចូលរួមពីក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្ដិផងដែរ។
អង្គរចំនួន ១២៨តោន ដែលលោកជំទាវបានជួយទិញពីពលរដ្ឋនេះ គឺយកចេញពីខេត្តចំនួន៤ រួមមាន ខេត្តបាត់ដំបង ចំនួន 42.77 តោន ខេត្តបន្ទាយមានជ័យ ចំនួន 23.453 តោន ខេត្តកំពង់ធំចំនួន 31.114 តោន និងខេត្តព្រៃវែង ចំនួន 30.621 តោន។




អ្វីដែលគួរឱ្យសរសើរចំពោះទឹកចិត្តរបស់លោកជំទាវ សុខ រស្មី និងស្វាមីនោះ លោកជំទាវបានយកស្រូវដែលជួយទិញពីពលរដ្ឋនេះទៅកិនជាអង្គរ ដើម្បីចែកដល់បងប្អូនក្រីក្រមានជីវភាពខ្វះខាត។
អំណោយទីមួយដែលកើតចេញពីសកម្មភាពមនុស្សធម៌របស់លោកជំទាវ សុខ រស្មី ត្រូវបានដឹកយកទៅចែកនៅត្រង់កន្លែងចាក់សំរាម ដោយម្នាក់ៗទទួលបានអង្ករ ៥០គីឡូ បាយសមួយប្រអប់ និងបង្កងខមួយប្រអប់។ អំណោយរបស់លោកជំទាវ បានជួយសង្គ្រោះដល់អ្នកកំពុងអត់ឃ្លាន ដាច់បាយ ឱ្យបន្តមានដង្ហើម និងជីវិតជាបន្តទៀតបាន។


សកម្មភាព និងទង្វើរបស់លោកជំទាវ សុខ រស្មី ស្ដែងឱ្យឃើញថាពលរដ្ឋខ្មែរមានសាមគ្គីភាព ចេះជួយគ្នាក្នុងគ្រាលំបាក។ សង្ឃឹមថាស្មារតីខ្មែរជួយខ្មែរនេះនឹងបន្តស្ថិតស្ថេរគង់វង្សក្នុងបេះដូងកូនខ្មែរគ្រប់ៗរូប៕



