ត្បូងឃ្មុំ៖ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ បានដឹកនាំប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម សហការជាមួយរដ្ឋបាលស្រុកក្រូចឆ្មារ រដ្ឋបាលឃុំរកាខ្នុរ ចុះពិនិត្យដំណាំថ្នាំជក់ និងពោតក្រហម ព្រមទាំងបានសិក្សាដោះស្រាយសំណូមពរទឹកស្រោចស្រពដំណាំពោតក្រហមនិងថ្នាំជក់របស់ប្រជាកសិករ ។


តាមការចុះពិនិត្យជាក់ស្តែង ផ្ទៃដីដំណាំពោតក្រហម និងថ្នាំជក់ប្រមាណ ៥០០ហិកតា សងខាងស្ទឹងគគីរនិងផ្ទៃដីដំណាំពោតក្រហមនិងថ្នាំជក់ប្រមាណ ២០០ហិកតា សងខាងប្រឡាយបឹងត្រស់ ប្រឈមខ្វះទឹកស្រោចស្រពនាពេលខាងមុខ។ ពោតក្រហម ៥០% ថ្នាំជក់ ៥០% ។
ចំពោះមុខបញ្ហាប្រឈមនេះ ឯកឧត្តម អភិបាលរងខេត្ត បានផ្តល់ការតម្រង់ទិស ៖
១~ចំពោះស្ទឹងគគីរ មន្ទីរធនធានទឹកនិងឧតុនិយម ត្រូវតម្លើងម៉ាស៊ីនបូមទឹក ២គ្រឿង បូមទឹកពីព្រែកប្រតី ទម្លាក់ចូលស្ទឹងតែម្តង។ ២~ចំពោះប្រឡាយបឹងត្រស់ យើងមានប្រភពទឹកពីបឹងធំនិងសូឡាបូមទឹកពីព្រែកតាកុចរួចហើយ ដូច្នេះត្រូវការកាយបាតប្រឡាយត្រង់កន្លែងដែលរាក់ប្រមាណ ៣០០ម អាចដោះស្រាយទឹកបានហើយ ។


ទន្ទឹមនេះ ឯកឧត្តមអភិបាលរងខេត្ត បានណែនាំឲ្យរដ្ឋបាលស្រុក រដ្ឋបាលឃុំ ត្រូវសម្របសម្រួលទីតាំងនិងចលនាការចូលរួមពីប្រជាកសិករសងខាងស្ទឹងនិងប្រឡាយ ចូលរួមសហការនិងប្រើប្រាស់ទឹកដោយសន្សំសំចៃ ៕


អត្ថបទ៖ អាចារ្យលាក់

