ឡាសវេហ្គាស៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ ថា លោកអាចនឹងពិចារណាចូលរួមជាមួយអង្គការសុខភាពពិភពលោក (WHO) វិញ ប៉ុន្មានថ្ងៃបន្ទាប់ពីបានបញ្ជាឱ្យដកសហរដ្ឋអាមេរិកចេញពីទីភ្នាក់ងារសុខភាពពិភពលោក ជុំវិញអ្វីដែលលោក ត្រាំ ដែលបានចោទប្រកាន់ទីភ្នាក់ងារនេះថា បានគ្រប់គ្រងមិនបានល្អចំពោះបញ្ហាជំងឺរាតត្បាតកូវីដ១៩ និងវិបត្តិសុខភាពអន្តរជាតិផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន US News ។

លោក Trump បាននិយាយនៅឯការជួបជុំអ្នកគាំទ្រនៅទីក្រុង Las Vegas ថា «ប្រហែលជាយើងនឹងពិចារណាធ្វើវាជាថ្មីម្តងទៀត ខ្ញុំមិនដឹងច្បាស់ទេ តែយើងប្រហែលជាអាចនឹងពិចារណាឡើងវិញ»។

រហូតមកដល់ពេលនេះសហរដ្ឋអាមេរិក គឺជាម្ចាស់ជំនួយផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតរបស់ WHO ដោយបានរួមចំណែកវិភាគទាន ប្រហែល ១៨% នៃវិភាគទានរបស់ខ្លួន។ កញ្ចប់ថវិការបស់អង្គការ WHO រយៈពេល ២ឆ្នាំចុងក្រោយសម្រាប់ឆ្នាំ២០២៤-២០២៥ មានទំហំទឹកប្រាក់ចំនួន ៦.៨ពាន់លានដុល្លារ។

លោក ត្រាំ បានប្រាប់ក្រុមអ្នកគាំទ្រថា លោកមិនសប្បាយចិត្តទាល់តែសោះ ដែលសហរដ្ឋអាមេរិក ត្រូវបង់វិភាគទានឱ្យ WHO ច្រើនជាងចិន ដែលមានប្រជាជនដ៏ច្រើន។

លោកបានបន្ថែមថា លោកនឹងស្នើសុំឱ្យប្រទេសអារ៉ាប៊ីសាអូឌីត វិនិយោគទឹកប្រាក់ប្រមាណ ១ពាន់ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក ពោលគឺកើនឡើងពីចំនួន ៦០០ពាន់លានដុល្លារ ដែលអារ៉ាប៊ីសាអូឌីតបានសន្យាវិនិយោគ។

ដោយឡែករាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman បានប្រាប់លោក ត្រាំ កាលពីសប្តាហ៍មុនថា អារ៉ាប៊ីសាអូឌីតចង់ផ្ដល់ប្រាក់ចំនួន ៦០០ពាន់លានដុល្លារទៅក្នុងការវិនិយោគ និងពាណិជ្ជកម្មបន្ថែមជាមួយសហរដ្ឋអាមេរិកក្នុងរយៈពេល ៤ឆ្នាំខាងមុខ។

សូមជម្រាបថា សហរដ្ឋអាមេរិកគ្រោងនឹងចាកចេញពីអង្គការ WHO នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីបានជូនដំណឹងជាផ្លូវការអំពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានចោទប្រកាន់ទីភ្នាក់ងារនេះថា បានគ្រប់គ្រងមិនបានល្អចំពោះបញ្ហាជំងឺរាតត្បាតកូវីដ១៩ និងវិបត្តិសុខភាពអន្តរជាតិផ្សេងទៀត៕

ប្រភព៖ US News

ចុចអាន៖ UN ថា អាមេរិក នឹងចាកចេញពីអង្គការ WHO នៅឆ្នាំក្រោយ…

Share.