បាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនមេក្លោងបានម្នាក់ និងបក្ខពួកជាច្រើននាក់ ពាក់ពន្ធករណីគ្រឿងញៀនប្រមាណជាជាង២០០គីឡូក្រាមអាវុធខ្លីដើម។



កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបង ការិយាល័យជំនាញឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ ទី១-ឈ្មោះ ញឹប សាណី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ២-ឈ្មោះ វិន ផាន់និ ហៅ ឃីម ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបងនិងទី៣-ឈ្មោះ សុខ វ៉ាន់ដា ហៅ ទ្រូ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ពាក់ពន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន០២ កញ្ចប់ ស្នើ១០,៦៨ក្រាម។


ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវបន្តរហូតដល់លំនៅដ្ឋានមេក្លោងជួញដូរគ្រឿងញៀន ស្ថិតនៅបុរីឯកភ្នំវីឡា ភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនមេក្លោង និងបក្ខពួកបានចំនួន ០៨ នាក់ទៀតបន្ថែមទៀត។
ជនសង្ស័យជាមេក្លោងនិងបក្ខពួកទាំង៨នាក់ទី១ ឈ្មោះ វី វិនហាយ ភេទប្រុស អាយុ ៣០ឆ្នាំ និងទី២-ឈ្មោះ មួង ឌី ភេទប្រុស អាយុ ៤០ឆ្នាំអ្នកទាំងពីរគឺជាមេក្លោងគ្រឿងញៀន ស្នាក់នៅចំណុចកន្លែងកើតហេតុខាងលើ ។ ទី៣-ឈ្មោះ សន បញ្ញា ភេទប្រុស អាយុ ៣០ឆ្នាំ ។ ៤-ឈ្មោះ រុំ សុវណ្ណ ភេទប្រុស អាយុ ៣៦ឆ្នាំ ។ ៥-ឈ្មោះ ថេត ស្រីនា ភេទស្រី អាយុ ២៨ឆ្នាំ (ជាប្រពន្ធរបស់ឈ្មោះ វី វិនហាយ)។ ៦-ឈ្មោះ សុច ចរិយា ភេទស្រី អាយុ ១៧ឆ្នាំ (ជាប្រពន្ធរបស់ឈ្មោះ មួង ឌី)


ទាំង០៦នាក់ស្នាក់នៅចំណុចកន្លែងកើតហេតុខាងលើ។ ៧-ឈ្មោះ រដ្ឋ ចន្ថា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។ ៨-ឈ្មោះ ឡឹប លីដា ហៅ អឹក ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។



នៅក្នុងប្រតិបត្កិការបង្រ្កាបខាងលើ កម្លាំងសម្ថកិច្ចបានពន្លាតដែនដីដល់ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយបានឆែកឆេរក្នុងរថយន្ត និងលំនៅដ្ឋានរបស់ឈ្មោះ វី វិនហាយ រកឃើញគ្រឿងញៀនចំនួន ២១៣ ដុំ។ ស្មើប្រមាណជា ២១៣គីឡូក្រាម ក្នុងនោះគ្រឿងញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន ៦៩ ដុំ ទម្ងន់ប្រមាណ ៦៩គីឡូក្រាម ។ គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ចំនួន ៤៤ ដុំ ទម្ងន់ប្រមាណ ៤៤គីឡូក្រាម។ គ្រឿងញៀនប្រភេទកេតាមីន (ខេ) ចំនួន ១០០ ដុំ ទម្ងន់ប្រមាណ ១០០គីឡូក្រាម។ អាវុធ អាកា ៤៧ ចំនួន ០២ ដើម បង់ចំនួន ០២ គ្រាប់ ចំនួន ១៣ គ្រាប់។ អាវុធខ្លី កា៥៤ ចំនួន ០១ ដើម ( គ្មានគ្រាប់ )។ រថយន្ត ចំនួន ០២ គ្រឿង ម៉ាក TOYOTA HIACE ស៊េរីឆ្នាំ២០១០ ពណ៌ស ។ ម៉ាក TOYOTA LANDCRUISER ពណ៌ស និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងសម្ថកិច្ចក៏សាងសុំណុំរឿងចាត់ការបន្តតាមនិតិវិធី៕

