សហរដ្ឋអាមេរិក និងកូឡុំប៊ី បានដកថយចេញពីសង្គ្រាមពាណិជ្ជកម្ម កាលពីថ្ងៃអាទិត្យ (ម៉ោងក្នុងស្រុក) បន្ទាប់ពីសេតវិមានបាននិយាយថា ប្រជាជាតិអាមេរិកខាងត្បូងមួយនេះ បានយល់ព្រមទទួលយកយន្តហោះយោធាដែលដឹកជនអន្ដោប្រវេសន៍ចេញពីអាមេរិកវិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នាថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធ និងដាក់ទណ្ឌកម្មលើប្រទេសកូឡុំប៊ី បន្ទាប់ពីប្រទេសនេះបានបដិសេធមិនទទួលយកជើងហោះហើរយោធា ដែលដឹកជនអន្តោប្រវេសន៍ បណ្តេញចេញពីសហរដ្ឋអាមេរិក ចុះចត។ ខណៈវាជាផ្នែកមួយនៃចំណាត់ការបង្រ្កាបបញ្ហាអន្ដោប្រវេសន៍ដ៏ម៉ឹងម៉ាត់ និងក្នុងទ្រង់ទ្រាយធំរបស់លោក ត្រាំ។

នៅក្នុងសេចក្ដីថ្លែងការរបស់សេតវិមាន បាននិយាយថា ខាងប្រទេសកូឡុំប៊ី ទីបំផុតបានយល់ព្រម ទទួលយកជនអន្តោប្រវេសន៍ទាំងនោះវិញហើយ ដូច្នេះទីក្រុងវ៉ាស៊ីនតោន នឹងមិនចេញវិធានការដាក់ពិន័យ តាមការគំរាមនោះទេ។ ចំណែក ប្រទេសកូឡុំប៊ីផ្ទាល់ ក៏បានប្រកាសដែរថា ខ្លួនបានជម្រះភាពជាប់គាំង ជាមួយរដ្ឋាភិបាលអាមេរិកហើយ។

យ៉ាងណាប្រទេសកូឡុំប៊ី មិនមែនជាប្រទេសទី១ ដែលមិនទទួលយកជនអន្ដោប្រវេសន៍ខុសច្បាប់របស់សហរដ្ឋអាមេរិកទេ ខណៈប្រទេសម៉ិកស៊ិក បានបដិសេដក្នុងការទទួលយកជនអន្ដោប្រវេសន៍ដែលអាមេរិកដឹកបញ្ជូនតាមរយៈយន្ដហោះយោធាអាមេរិកដូចគ្នា។

លោក ត្រាំ បាននិយាយថា លោកកំពុងពិចារណាអំពីការដាក់ពន្ធ ២៥% លើការនាំចូលទំនិញពីប្រទេសកាណាដា និងម៉ិកស៊ិក នៅថ្ងៃទី១ ខែកុម្ភៈដើម្បីបង្ខំឱ្យមានសកម្មភាពបន្ថែមទៀតប្រឆាំងនឹងជនអន្តោប្រវេសន៍ខុសច្បាប់ ចូលមកទឹកដីសហរដ្ឋអាមេរិក៕

ប្រភព៖ CNBC

Share.