តាកែវ៖ នៅរសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៥នេះ ក្រុមក្មេងទំនើង ៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលបាលក្រុងដូនកែវ ឃាត់ខ្លួនបញ្ជូនខ្លួនទៅកាន់សាលាតំបូងខេត្ដតាកែវ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពយកដុំថ្ម ដុំដី វាយគប់មកលើគូរទំនាស់បង្កការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅចំនុចផ្លូវទំនប់បឹងតាកែវ ក្រុងដូនកែវ ខេត្ដតាកែវ ។

ការឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើ បន្ទាប់ពី គណនីហ្វេសបុកមួយ មានឈ្មោះ(Team កង់ឡាន) ក្រុមជនរងគ្រោះ បានបង្ហោះជាសាធារណៈនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក ស្តីពីយុវជនម្នាក់ ក្នុងចំណោមបក្សពួក៤នាក់ បានធ្វើសកម្មភាពរើសយកដុំថ្ម ដុំដី គប់ទៅលើក្រុមរបស់ខ្លួន ផ្ដើមចេញពីរឿងខឹងយករូបភាព Logo របស់ក្រុម Team កង់ឡាន យកទៅជាន់លេង និងអូសម៉ូតូមកកិន និងអុកពីលើស្ទីកគ័រឡូហ្គោរបស់គេ។

ក្រោយទទួលបាននូវព័ត៌មានភ្លាមៗ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ បានបញ្ជារឱ្យកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងបីសង្កាត់ នឹងកងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កម្លាំងជំនាញព្រហ្មទណ្ឌកំរិតស្រាល បើកការស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់ ដោយពិនិត្យមើលលើសកម្មភាពក្រុមក្មេងទំនើងនោះតាមរយៈ Video រហូតកំណត់អត្តសញ្ញាណអ្នកផុសវីដេអូខាងលើបាននាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នឹងបានហៅមកធ្វើការសាកសួរ។

ក្រោយសួរនាំ ក្រុមក្មេងទំនើងបង្កហិង្សាខាងលើ ទី០១-ឈ្មោះ លន់ សំអូន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស (ជនដៃដល់) ទី០២-ឈ្មោះ ញ៉េប រិទ្ធី (ហៅអាជ្រូក) ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស (បក្សពួក) ទី០៣ ឈ្មោះ ឈិត ប៊ុនព្រឹក ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស (បក្សពួក) នឹងទី០៤ ឈ្មោះ ឃី រក្សា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស (បក្សពួក) ក្រុមក្មេងទំនើងទាំង ០៤នេះមានទីលំនៅក្នុងក្រុងដូនកែវ ខេត្ដតាកែវ ។

បន្ទាប់ពីឃាត់ខ្លួន ក្រុមក្មេងទំនើងទាំង ៤នាក់ខាងលើ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដុំថ្ម និងដុំដី គុបទៅលើបក្សពួកម្ខាងទៀតពិតប្រាកដមែន ដោយសារតែមានទំនាស់ជាមួយនិងក្រុម Team កង់ឡាន ដោះស្រាយមិនត្រូវរូវគ្នា។ បចុប្បន្ន ក្រុមក្មេងទំនើងទាំង ៤នាក់ខាងលើត្រូវបានសមត្ថកិច្ចនគរបាលបាលក្រុងដូនកែវ ឃាត់ខ្លួនបញ្ជូនខ្លួនទៅកាន់សាលាតំបូងខេត្ដតាកែវ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
អត្ថបទ៖ នេន មិនា

