
បញ្ហាខ្យល់ពុល ដែលជះសាយភាយពាសពេញប្រទេស ក៏ដូចជាក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងបង្កជាទុក្ខកង្វល់ដល់ប្រជាជន និងក្លាយជាប្រធានបទក្ដៅ ដែលត្រូវយកចិត្តទុកដាក់តាមដាន ដោយសារតែខ្យល់ជាចំណែកដ៏សំខាន់ក្នុងការរស់រានមានជីវិតរបស់ប្រជាជន។
ប្រទេសកម្ពុជាយើង ទោះបីជាអ្នកជំនាញបរិស្ថានអះអាងថា មិនសូវជារងឥទ្ធិពលខ្យល់ពុលខ្លាំងក៏ដោយ ប៉ុន្តែសន្ទុះកើនឡើងនៃធូលីល្អិតនៅក្នុងខ្យល់ (ដែលហៅតាមវិទ្យាសាស្ត្រថា PM2.5) ដែលពេលខ្លះហក់ឡើងដល់ ៥០ មីក្រូក្រាមក្នុងរង្វង់១ម៉ែត្រត្រីគុណ បានបង្កជាកង្វល់ផ្នែកសុខភាពដល់ប្រជាពលរដ្ឋ ខណៈអ្នកខ្លះរអ៊ូរទាំថាមានបញ្ហាផ្លូវដង្ហើម ផ្ដាសាយ និងក្រហាយភ្នែកជាដើម។
បើតាមមន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន បាញឲ្យដឹងថា នៅថ្ងៃទី ២៥ និង២៦ មករា កម្រិតភាគល្អិតនិចល (PM2.5) មានក្នុងខ្យល់ចន្លោះពី ៤៨.៥២ ដល់ ៥៣.៦១ មីក្រូក្រាមក្នុងរង្វង់១ម៉ែត្រត្រីគុណ ខណៈកម្រិតស្តង់ដារគុណភាពខ្យល់ តម្រូវឲ្យមានភាគល្អិតនិចលត្រឹម ៥០ មីក្រូក្រាម/ម៉ែត្រត្រីគុណ។
កម្រិតភាគល្អិតនិចលបានធ្លាក់មកនៅត្រឹម ២៥.៩ ម.ក./ម៉.គីប. នៅពេលព្រឹក និងបន្តធ្លាក់មកនៅត្រឹម ជាង ១៧ ម.ក./ម៉.គីប នៅពេលរសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ នេះ។
ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមចំពោះមុខ ឯកឧត្ដម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឲ្យឯកឧត្ដមរដ្ឋមន្ត្រី អាង សុផល្លែត បានដឹកកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០១ ស្ដីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ នាព្រឹកថ្ងៃ ចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។

ស្មារតីនៃកិច្ចប្រជុំនេះ គឺជំរុញការអនុវត្តិវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេស ការអនុវត្ត របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការទប់ស្កាត់ការដុតនៅទីចំហ ភ្លើងឆេះវាលស្មៅ ភ្លើងឆេះព្រៃ ការដុតគល់ជញ្ជ្រាំង ជាពិសេសការដុតសំរាម និងសំណល់ប្លាស្ទិក និងសកម្មភាពបំពុលនានា នៅក្នុងមូលដ្ឋាន។ ឯកឧត្ដម បានជំរុញលើកទឹកចិត្តឱ្យរដ្ឋបាលខេត្ត និងក្រុង-ស្រុក ចាត់វិធានការទប់ស្កាត់ការឆេះ ការបំពុលផ្សែង ដែលអាចបណ្ដាលមកពីការដុតសំរាម សំណល់ប្លាស្ទិកនៅតាមមូលដ្ឋាន និងបន្តចូលរួមសហការអនុវត្តយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដើម្បីទីក្រុង ទីប្រជុំជនស្អាត កម្ពុជាស្អាត ដែលជួយលើកកម្ពស់កិត្យានុភាពកម្ពុជាក្នុងក្របខ័ណ្ឌជាតិ និងនៅលើឆាកអន្តរជាតិ។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្ដម ខ្វៃ អាទិត្យា បានថ្លែងទទួលយកនូវក្ដីបារម្ភរបស់ប្រជាពលរដ្ឋ និងលើកទឹកចិត្តឲ្យយកចិត្តទុកដាក់តាមដាន និងថែរក្សាសុខភាពឲ្យបានខ្ពស់ បង្ការក្រែងមានជំងឺដង្កាត់ផ្សេងៗ។ ឯកឧត្ដមក៏បញ្ជាក់ផងដែរថា ក្រសួងបរិស្ថានបានពិភាក្សាជាមួយក្រសួងសុខាភិបាលដើម្បីដាក់ចេញនូវវិធានរក្សាសុខភាពអំឡុងពេលរីកសាយភាយខ្យល់ពុលនេះផងដែរ។
ជាក់ស្ដែងនៅថ្ងៃទី ២៤ មករា ២០២៥ កន្លងទៅ ក្រសួងសុខាភិបាល បានដាក់ចេញសេចក្ដីជូនដំណឹងពីការ ការពារសុខភាព បណ្ដាលមកពីការប្រែប្រួលគុណភាពខ្យល់ក្នុងបរិយាកាស ដើម្បីឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព៕

អត្ថបទ៖ ឈិន ធារ៉ាត់

