នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន និងជាប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត(ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ) ចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ
ក្នុងនោះមានកងទ័ព គ្រួសារកងទ័ព សរុបចំនួន ១៩៧១នាក់ ដែលធ្វើឡើងនៅទីតាំងកងពលធំអន្តរាគមន៍លេខ២ ស្ថិតនៅភូមិត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាបេសកកម្មលើកទី ៤៨ របស់ក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប, ឯកឧត្តមឧត្តមសេនីយ៍ទោ សៅ កុសល មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ២ និងអាជ្ញាធរស្រុកបន្ទាយស្រីមួយចំនួនទៀត។ នាឱកាសនោះលោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន , សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមពិនិត្យ ព្យាបាលជំងឺទាំងអស់។ លោកជំទាវមានប្រសាសន៍ទៀតថា សម្តេចទាំង២តែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ដាច់ស្រយាលគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

លោកជំទាវបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តសៀមរាប ជាពិសេសអាជ្ញាធរស្រុកបន្ទាយស្រី ដែលបានសម្របសម្រួលឲ្យប្រជាពលរដ្ឋបានមកទទួលការពិនិត្យ ព្យាបាលជំងឺដោយមិនគិតថ្លៃនាថ្ងៃនេះ។ មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក មានជានំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈ ឲ្យប្រជាពលរដ្ឋទទួលទានផងដែរ។

ជាលទ្ធផលចំនួនប្រជាពលរដ្ឋដែលទទួលបានការព្យាបាលទាំងអស់មានចំនួន ១៩៧១នាក់ រួមមាន៖ ការវះកាត់តូច ចំនួន៧៥នាក់ , ពិនិត្យព្យាបាលរោគស្ត្រីចំនួន៨១នាក់, ពិនិត្យជំងឺទូទៅចំនួន៨៩០នាក់, ពិនិត្យសម្ភព និងអេកូសាស្ត្រចំនួន១៦០នាក់, និងពិនិត្យ ព្យាបាលមាត់ធ្មេញចំនួន១៤៥នាក់, ចែកច្រាស និងថ្នាំដុសធ្មេញ១២០នាក់, ចែកវ៉ែនតាចំនួន៥០០នាក់។

ជាមួយគ្នានោះ ក៏មានការចែកកាតាប និងសម្ភារៈដល់សិស្សានុសិស្សចំនួន៤៦០នាក់,ចែករទេះរុញជនពិការចំនួន១០គ្រឿង, និងចែកកញ្ចប់អំណោយសម្ដេចតេជោជូនប្រជាពលរដ្ឋ ចំនួន១០០បញ្ចប់ផងដែរ៕

Share.