តាកែវ៖ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ បានត្រៀមកម្លាំង ១,២០០នាក់ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន-វៀតណាម ដើម្បីចុះចុះត្រួតពិនិត្យល្បាតក្នុងភូមិសាស្ត្រខេត្ដ ហាមឃាត់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានមិនឱ្យមានការដុតគ្រឿងផ្ទុះ(ផាវ) ឬដាក់តាំងលក់នៅតាមទីផ្សារ ជាពិសេសក្នុងការសម្រួលចរាចរណ៍ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្តជួបជុំសាច់ញតិនៅតាមស្រុកកំណើត។



មានប្រសាសន៍លើកបែបនេះ ក្នុងពេលដែលលោកស្នងការបើកកិច្ចប្រជុំមួយជាមួយ លោកលោកស្រីស្នងការរង នាយការិយាល័យ អធិការនគរបាលក្រុងស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ដតាកែវ នារសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៥ ។


លោកឧត្ដមសេនីយ៍ទោ ម៉ែន លី បានណែនាំឱ្យកងកម្លាំងបន្តរឈរជើងការពារជាប់ នៅប៉ុស្តិ៍ប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រួតពិនិត្រ សភាពការណ៍ដែលអាចកើតមានឡើង ដើម្បីចុះជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា នឹងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសអ៊ុចទានធូប សែនប្រេន សុំមានការប្រុងប្រយ័ត្នមិនត្រូវឆ្វេសប្រហែសឡើយ ព្រោះវាអាចកើតមាននៅគ្រោះអគ្គីភ័យបានគ្រប់ពេលវេលា បូករួមជាមួយអាកាសធាតុធ្លាក់ខ្យល់ត្រជាក់ស្ងួតនេះផងដែរ។


អត្ថបទ៖ នេម មិនា

