ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ៥ករណីផ្សេងគ្នាក្នុងពេល សែនចិន ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ នៅក្រុងតាខ្មៅ ខេត្តកណ្តាល កើតមាន១ករណី នៅស្រុកបាណន់ ខេត្តបាត់ដំបង កើតមាន១ករណី បណ្តាលឱ្យស្លាប់ស្ត្រីម្នាក់ នៅរាជធានីភ្នំពេញ កើតមាន២ករណី នៅខាងស្រុកសុីធរកណ្តាល ខេត្តព្រៃវែង រងខូចខាតផ្ទះ ទ្រព្យសម្បត្តិ ។

តាមប្រភពបានឱ្យដឹងថា គ្រោះអគ្គិភ័យកើតឡើងនៅក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ថ្មប្រក់ស័ង្កសី ទំហំ៥ម៉ែត្រx១៥ម៉ែត្រ មានម្ចាស់ឈ្មោះ ផន ម៉ៅ ភេទប្រុស អាយុ៧០ឆ្នាំ គ្រាដែលម្ចាស់ដុតធូប ទៀន សែនចិនហើយ រវល់តែទៅសែននៅផ្ទះមួយទៀត ស្រាប់តែឆាបឆេះផ្ទះ បង្កឱ្យភ្ញាក់ផ្អើលអ្នកភូមិ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងចេញទៅអន្តរាគមន៍ រងខូចខាតផ្ទះ ទ្រព្យសម្បត្តិ ។

ចំណែកនៅក្នុងរាជធានីភ្នំពេញវិញ នៅវេលាម៉ោង១១ព្រឹកថ្ងៃនេះ ផ្ទះឈើមួយខ្នង ប្រក់ស័ង្កសី ទំហំ៦ម៉ែត្រx៨ម៉ែត្រ មានម្ចាស់ឈ្មោះ ទឹម សុខុម ភេទប្រុស អាយុ៦៥ឆ្នាំ ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុង នៅក្នុងភូមិសេរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ និងនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោកវិញ ផ្ទះថ្មមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ។

ចំណែកនៅឯភូមិដូង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង គ្រោះអគ្គិភ័យឆេះផ្ទះឈើទៀម ប្រក់ស័ង្កសី បណ្តាលឱ្យស្ត្រីម្នាក់បានស្លាប់ ក្នុងផ្ទះ ។ នៅឯភូមិព្រៃដើមថ្លឹង ឃុំព្រៃដើមថ្នឹង ស្រុកសុីធរកណ្តាល អគ្គិភ័យឆាបឆេះផ្ទះឈើលើ ថ្នក្រោម រងខូចខាតផ្នែកខាងលើ មានម្ចាស់រងគ្រោះ ឈ្មោះ ភារម្យ និងប្រពន្ធឈ្មោះ លីហ្សា ។

បន្ទាប់ពីកើតមានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត អំឡុងពេលសែនចិន វៀតណាម នេះ អាជ្ញាធរ សមត្ថកិច្ច អំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ភ្លើងធូប ទៀន កុះធ្វេសប្រហែស កាលបើចាកចេញពីផ្ទះ គួរបិទផ្តាច់ចរន្តអគ្គិសនី ពិនិត្យមើលភ្លើងធូប ភ្លៀងទៀន ជាមុនសិន ជៀសវាង ជួបគ្រោះ បញ្ហាដោយប្រកាណាមួយ ៕

Share.