សិល្បៈជាតិ៖ សម្រាប់ Rapper ល្បីលំដាប់ឈានមុខ​ប្រចាំ​ប្រទេសកម្ពុជា ងួន ចាន់ដាវីត ពិតជា​មិន​ធ្វើ​ឱ្យ​អ្នក​ស្រលាញ់ និង​គាំទ្រ​ខកបំណងនោះ​ឡើយ ដោយ​តារា​រូប​នេះ​បាន​បញ្ចេញ​ចម្រៀង​ថ្មី​ក្រោម​ចំណងជើង​ថា «ថីអ្ហែងថី» ដែល​កំពុងតែ​ផ្ទុះ​ល្បីល្បាញ​ខ្លាំង​លើ​បណ្ដាញ​សង្គម​។

តារា​ចម្រៀង​យ៉េយ៉េ និយម​លេង Style ប្លែក និង​ទាន់សម័យ G-Devith បាន​ធ្វើ​ឱ្យ​កក្រើក​ពិភព​ចម្រៀង​ Hip-Hop នៅ​ដើមឆ្នាំ​ ២០២៥ នេះ តាម​រយៈ​នូវ​ការ​ចេញ​ចម្រៀង​ Rap បែប Distrack ថ្មី​សន្លាង​មួយនៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ ដែលធ្វើ​ឱ្យ​មាន​ការ​ជជែក​វែកញែក​ដេញ​ដោល​គ្នា​យ៉ាង​គគ្រឹកគគ្រេង​លើបណ្ដាញ​ទំនាក់ទំនងសង្គម។

អ្វីដែល​គួរ​ឱ្យ​កត់សម្គាល់​ បទ​ចម្រៀង​ថ្មីរបស់​ប៉ាប៉ា​អូន Albert កំពុង​ផ្ទុះ Viral ខ្លាំង​ ដោយ​គិត​ត្រឹម​២៤ម៉ោងសោះ បទ​នេះ អាចរក​បាន​ចំនួនទស្សនា​នៅ​លើ Facebook រហូត​ដល់​១០លាន​ដង។

បទ​ចម្រៀង​ចង្វាក់​ Rap ដែល​កំពុងតែត្រូវ​បាន​លើកយក​មក​ជជែក​វែក​ញែក និង​វិភាគ​ផ្សេងៗ​គ្នា​ទៅតាម​ការ​យល់​ឃើញរៀងៗខ្លួន នេះនៅតែ​បន្ត​ផ្ទុះ​ល្បីល្បាញ ព្រោះ​បើគិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ពុធទី​ ២៩ ខែ​មករា ឆ្នាំ​២០២៥ នេះ នៅតែបន្ត​មានការ​ចែក​រំលែក និង​​អ្នក​មក​បញ្ចេញ​មតិ​យោបល់​កោត​សរសើរ​ចំពោះ​បទ​ចម្រៀង​របស់​តារា​រូប​នេះ​ជាប់​មិន​ដាច់។

សូមជម្រាបជូន​ថា បទ​ចម្រៀង «ថីអ្ហែងថី» បាន​បង្ហោះ​ផ្សាយ​ឱ្យ​អ្នក​និយម​គាំទ្រ​ និង​ជា​ហ្វេន​របស់​លោក​បាន​ស្ដាប់​និង​ទស្សនា​កាល​ពីថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៥៕

Share.