ក្រុមហ៊ុន Henan Mining Group បានចាក់ប្រាក់ចំនួន ៣១.៥លានដុល្លារនៅលើតុ ទុករយៈពេល ១៥នាទី ដើម្បីឱ្យបុគ្គលិកម្នាក់ៗនាំគ្នារាប់យកលុយតាមចិត្ត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Straits Time ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយនានារបស់ប្រទេសចិន ក្រុមហ៊ុន Henan Mining Group នេះទទួលបានប្រាក់ចំណេញចំនួន ២៦០លានយ័ន (ស្មើនឹង ៣៥.៨៥លានដុល្លារ) ក្នុងឆ្នាំ២០២៤។


ដូច្នេះដើម្បីរំលែកប្រាក់ចំណេញដល់បុគ្គលិក និងផ្ដល់កម្លាំងចិត្តដល់ការខិតខំប្រឹងប្រែងធ្វើការ ក្រុមហ៊ុននេះបានប្រារព្ធកម្មវិធីដ៏អស្ចារ្យនេះអំឡុងកម្មវិធីជួបជុំបុគ្គលិកប្រចាំឆ្នាំ មុនថ្ងៃចូលឆ្នាំប្រពៃណីចិន ដោយមានក្រដាសសាច់ប្រាក់ ១០០យ័ន ចាក់ពេញលើតុដ៏វែងមួយ។

បើតាមបុគ្គលិកម្នាក់បានឱ្យដឹងថា ក្នុងម្នាក់ៗអាចរាប់យកទឹកប្រាក់តាមចិត្តដោយប្រើពេលត្រឹម ១៥នាទីប៉ុណ្ណោះ ខណៈអ្នកខ្លះរាប់បានទឹកប្រាក់ចំនួន ១០ម៉ឺនយ័ន (ស្មើនឹង ១៣,៧៩០ដុល្លារអាមេរិក) ហើយអ្នកខ្លះទៀតរាប់យកទឹកប្រាក់បានចំនួនតិច ឬ ច្រើនតាមសមត្ថភាពរៀងៗខ្លួន៕

