កណ្តាល៖ បង្រ្កាបទីតាំងល្បែងបញ្ជល់មាន់ និងប៉ោងមួយកន្លែង ឃាត់ខ្លួនជនសង្ស័យ៤នាក់ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅចំណុចចម្ការស្វាយមួយកន្លែង ស្ថិតក្នុងភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ។

ជនសង្ស័យចំនួន ០៤នាក់ ទី១.ឈ្មោះ រៀល រុំ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។ ២.ឈ្មោះ បូណា រី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិចាស់ សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្តាល។ ៣.ឈ្មោះ ឃីម ជ្រី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបរ មានទីលំនៅភូមិព្រែកលោក សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្តាល។ ៤.ឈ្មោះ ផាម យ៊ាំងទឹង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ត្រី មានទីលំនៅ ភូមិកោះទៀវ”ក” សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្ដកណ្ដាល និងជាង៣០នាក់រត់គេចខ្លួន។
ក្នុងប្រត្តិការខាងលើកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ មាន់រស់ចំនួន ០៦ក្បាល ងាប់ ០២ក្បាល.ជញ្ជីងថ្លឹង មាន់ ០១គ្រឿង.ស្កុតរុំជើងមាន់មួយចំនួន.បាវគូរលេខចាក់អាប៉ោ ០១ .កន្ត្រកដាក់មាន់មួយចំនួន.តុអីណុក ០១ .កៅជ័រ ចំនួន០៥ និងម៉ូតូចំនួន ១៨គ្រឿង។


តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីលេងល្បែងស៊ីសងខុសច្បាប់ ជល់មាន់ និងល្បែងអាប៉ោង នៅចំណុចកើតហេតុខាងលើ ភ្លាមៗ លោកវរសេនីយ៍ឯក ឈុន ជឺឈួន អធិការនៃអធិការដ្ឋាននគរបាលក្រុងសំពៅពូន បានដឹកនាំកម្លាំងនគរបាលក្រុង បានចុះទៅដល់កន្លែងកើតហេតុខាងលើ ពេលកម្លាំងយើងចូលទៅដល់ក្រុមអ្នកញៀនល្បែងទាំងនោះក្រឡេកឃើញកម្លាំងយើង ក៏រត់គេចខ្លួនខ្លះ ចាប់បានចំនួន០៤នាក់ បន្ទាប់មកកម្លាំងក៏បានធ្វើការចាប់យកវត្ថុតាងទាំងនោះបញ្ជូនមករក្សាទុកអធិការដ្ឋាននគរបាល។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់បានបញ្ជាក់ថា៖ ទីតាំងលេងល្បែងខាងលើ គឺនៅចម្ការស្វាយដែលគេទុកចោល ហើយឈ្មោះ បូ គឹមលាង ភេទប្រុស ស្នាក់នៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ជាអ្នកបើកឱ្យលេង នឹងយកតុង ។ បច្ចុប្បន្នជនសង្ស័យរួមវត្ថុតាងត្រូវបានឃាត់និងរក្សារទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងសំពៅពូន ដើម្បីចាត់ការតាមនីតិវិធី៕

