ភ្នំពេញ៖ ប្រឡាយបឹងត្របែក ថ្មី មានសមត្ថភាពបង្ហូរទឹកដល់ទៅ២៤ម៉ែត្រគូប ក្នុង១វិនាទីដែលអាចជួយកាត់បន្ថយការជនលិចផ្លូវ និងផ្ទះពលរដ្ឋបានមួយផ្នែកធំ ខណៈប្រឡាយបឹងត្របែក ពីមុនមានទំហំតូច ហើយមានសមត្ថភាពបង្ហូរទឹកត្រឹម ១២ម៉ែត្រគូបក្នុង១វិនាទីប៉ុណ្ណោះ បណ្តាលឱ្យពេលទឹកភ្លៀងធ្លាក់ខ្លាំងលើសកំពស់ ៤០មមក្នុង១ម៉ោង ទឹកភ្លៀងបានលិចលង់រយៈពេលយូរនៅផ្នែកខ្លះនៃភូមិសាស្ត្រខណ្ឌបឹងកេងកង ចំការមន ៧មករា និងខណ្ឌដូនពេញ ។


បន្ទាប់ពីមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់ខាងលើ ទើបអាជ្ញាធរ បានសម្រេចពង្រីកផ្លូវលេខ ១០៥ ជាប់ប្រឡាយបឹងត្របែក ពីទទឹង ៦ម ទៅទទឹង១២ម ដើម្បីឱ្យបង្កើនការបង្ហូរទឹកប្រឡាយនេះពី ១២ម៉ែត្រគូបក្នុង១វិនាទី កើនដល់ ២៤ម៉ែត្រគូបក្នុង១វិនាទី ទើបបង្ហូរទឹកហូរទាន់ ក្នុងករណីនេះ ក្រោមផ្លូវលេខ ១០៥ជាប់ប្រឡាយនេះ ត្រូវដាក់លូប្រអប់ខ្នាតធំទទឹង ៦ម ជម្រៅ ៣ម ឯខាងលើត្រូវស្ថាបនាផ្លូវដដែល។


ការងារនេះការដ្ឋានបានសាងសង់ជាង ៤ខែមកហើយ ដែលគិតត្រឹមថ្ងៃនេះ ការងារសម្រេចបានជាង ៦០% ហើយនឹងបញ្ចប់នៅខែឧសភាឆ្នាំ២០២៥ខាងមុខ ដែលនឹងសង្ឃឹមថា លូប្រអប់ខ្នាតធំនេះ នឹងរួមចំណែកជួយកាត់បន្ថយការលិចលង់ភូមិសាស្ត្រខាងលើបាន។





