ក្រោយ​ពី​ដំណឹង​នៃ​ការ​ស្លាប់​របស់​ អ្នក​សារព័ត៌មាន​ឧតុនិយម​រូបស្រស់​របស់​ទូរទស្សន៍​ MBC កាល​ពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២៤ កន្លង​ទៅ​នោះ​ ទីបំផុត​មាន​សារព័ត៌មាន​កូរ៉េ​មួយបាន​ចេញផ្សាយ​ថា​មូល​ហេតុ​នៃ​ការ​ស្លាប់​នោះ​បណ្ដាល​មក​ពី​ធ្វើ​អត្តឃាត ចំណែក​បច្ច័យដែល​ធ្វើ​ឱ្យ​ស្រីស្រស់​រូប​នេះ​គិត​ខ្លី​គឺ​បណ្ដាល​មក​ពី​រងនូវ​ការ​ធ្វើ​បាប​ពី​ថ្នាក់​លើ​ផ្នែក​ព័ត៌មាន​ឧតុនិយម​ដូច​គ្នា។

តាម​រយៈ​ការ​ផ្សាយ​ពី​ Maeil អ្នក​ព័ត៌មាន Oh Yoanna ​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៤ ដោយ​កាល​ណោះ​គ្រួសារ​សព​បាន​សម្រេច​មិន​ប្រកាស​ពី​មូលហេតុនៃ​ការ​ស្លាប់​ ប៉ុន្តែ​បាន​បញ្ជាក់​ថា​ជា​ការ​ធ្វើ​អត្តឃាត​ ដោយ​យោង​អត្តបទ Note នៅ​ក្នុង​ទូរស័ព្ទដៃរបស់​នាង​។

នៅ​ក្នុង​នោះ​​បាន​រៀបរាប់​យ៉ាង​លម្អិត​ ពី​ទុក្ខ​លំបាក​ដែល Oh Yoanna ទទួល​រងនូវ​ការ​ធ្វើ​បាប​នៅកន្លែងធ្វើ​ការ​ ដោយ​ក្នុងនោះ​បាន​រំលេច​ឈ្មោះ​មនុស្ស​នៅ​ក្នុង​ផ្នែក​ព័ត៌មាន​ឧតុនិយម​២​នាក់​ដែល​ប្រមាថ​នាង​តាំង​ពី​ខែ​មីនា ឆ្នាំ​២០២២ ពោល​គឺ​ក្រោយ​ពេល​ដែល​នាង​ធ្វើ​ការងារ​ជា​ Freelance តាំង​ពី​ខែ ឧសភា ឆ្នាំ​២០២១មក​។

ម្នាក់​នៅ​ក្នុង​ផ្នែក​បាន​បន្ទោសនាង​ថា​បង្កើត​កំហុស ដែល​ពួកគេ​បាន​ធ្វើ​ ខណៈ​ដែល​ម្នាក់​ទៀតបាន​ក្លាយ​ជា​សត្រូវ​ជាមួយ​នាង​ដោយសារតែ​កែតម្រូវ​តួលេខ​ព័ត៌មាន​អាកាសធាតុមិន​ត្រឹមត្រូវ​ហើយចោទនាងថា​មិន​គោរព​មេ​កើយ។

បន្ថែម​លើស​ពី​នេះ Oh Yoanna តែងតែត្រូវ​បាន​បង្ខំ​ឱ្យ​នៅ​ការិយាល័យ​យូរ ក្រោយ​បញ្ចប់ម៉ោង​ការ​ងារ ដោយ​សារ​មិត្តរួម​ការរបស់នាង​ សម្រាប់​ការរៀនសូត្រមេរៀន​បន្ថែម។ នៅពេល​ដែល​កម្មវិធី Quiz On The Block ទាក់ទងទៅ​កាន់​នាង​ឱ្យ​មក​ចូលរួម មិត្ត​ភក្ដិ​នៅ​ក្នុង​ផ្នែក​ជាមួយ​នាង​បាន​វាយប្រហារ សើចចំអក​ដែល​នាង​បាន​ទទួល​ឱកាស​នេះ​។ សារព័ត៌មាន Maeil បាន​បញ្ជាក់​ទៀតថា មាន​សារទាំងជា​សំឡេង និង​អក្សរ ដែល​មិត្ត​រួម​ការងារ​របស់​នាង​បន្ទោស​នាង​ថា​ខ្វះ​ជំនាញ​ និង​ហេតុផល​ផ្សេងៗ​ជា​ច្រើន​ទៀត។

Share.