ម្ចាស់​ក្រុមហ៊ុន​ពេជ្រចិន្តា ហ្វ្រ៊ូត ប្រូដាក់សិន ភីអេហ្វភី និង​តំណាង​សហគមន៍ ម្ចាស់​ចម្ការ​ប្រមាណ​៥០​នាក់ ស្ថិត​នៅ​ភូមិ​អូរ​ប្រយុទ្ធ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ជុំវិញ​ការ​ខ្វះខាត​ទុន​វិនិយោគ​សម្រាប់​បង្វិល​លើ​ការ​ទិញ​ផលិតផល​មៀន​ស្រស់​, ខ្វះខាត​ប្រព័ន្ធ​អគ្គិសនី​ប្រើប្រាស់​នៅ​ក្នុង​សហគ្រាស និង​សហគមន៍, ការ​ប្រមូល​ទិញ និង​មាន​ភាព​យឺតយ៉ាវ​ចំពោះ​ការ​បេះ​មៀន​ប៉ៃលិន​ស្រស់ ពី​ស្រុក​សំពៅលូន ស្រុក​ភ្នំព្រឹក ស្រុក​កំរៀង និង​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បាត់​ដំបង​។

ជា​មួយ​គ្នា​នេះ ម្ចាស់​ក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៊ីមផត អិចផត (ខេមបូឌា) និង​តំណាង​សហគមន៍ ម្ចាស់​ចម្ការ​ប្រមាណ​២០​នាក់​ផ្សេង​ទៀត ស្ថិត​នៅ​ភូមិ​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ស្រដៀង​គ្នា​នេះ​ដែរ គឺ​ការ​ប្រមូល​ទិញ និង​បេះ​មៀន​ប៉ៃលិន​ស្រស់ មិន​ទាន់​ពេល​វេលា ដែល​ធ្វើ​ឱ្យ​មាន​ការ​ខូចខាត​ច្រើន​។

និយាយ​ជារួម​កសិករ និង​ក្រុមហ៊ុន​ទាំង​ពី​ខេត្ត​ខាង​លើ​នេះ ស្នើ​សុំ​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ពួក​គាត់​ផង​ដែរ​។

ការ​លើក​ឡើង​ពី​បញ្ហា​ប្រឈម និង​សំណើ​ស្វែង​រក​ដំណោះស្រាយ​នេះ ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល ឯកឧត្ដម​រដ្ឋមន្ត្រី ឌិត ទីណា និង​មន្ត្រី​កសិកម្ម​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជា​មួយ​ម្ចាស់​ក្រុមហ៊ុន​ឯកជន សហគមន៍ ម្ចាស់​ចម្ការ និង​កសិករ​ផលិត​មៀន​ប៉ៃលិន នៅ​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៥​។

តប​តាម​សំណើ​របស់​ម្ចាស់​ក្រុមហ៊ុន សហគមន៍ និង​ប្រជាកសិករ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​ទទួល​នូវ​សំណើ ក្នុង​ការ​ជួយ​រក​ដំណោះស្រាយ​ជូន​ពួក​គាត់​ឱ្យ​បាន​ទាន់​ពេល​វេលា​។ ទន្ទឹម​នឹង​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​ណែនាំ និង​លើក​ទឹក​ចិត្ត​ដល់​សហគមន៍ និង​ម្ចាស់​ចម្ការ ត្រូវ​សហការ​ឱ្យ​បាន​ជិតស្និទ្ធ​ជា​មួយ​ក្រុមហ៊ុន ហើយ​ត្រូវ​ធ្វើ​កិច្ច​សន្យា​ថ្មី​ជា​មួយ​គ្នា​ឱ្យ​មាន​តម្លាភាព គោរព​តាម​លក្ខខណ្ឌ​នៃ​កិច្ច​សន្យា​រួមគ្នា និង​ស្រប​តាម​ស្តង់ដារ​ដែល​បាន​កំណត់ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​។

បន្ថែម​ពី​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​បន្ថែម​ថា​ករណី​ក្រុមហ៊ុន ឬ​ម្ចាស់​ចម្ការ ត្រូវ​ការ​កម្លាំង​ពលកម្ម​ជួយ​បេះ​មៀន ក្រសួង​កសិកម្ម នឹង​ធ្វើ​កិច្ច​សហការ​ជា​មួយ​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដើម្បី​ផ្ដល់​កង​កម្លាំង​ទាហាន​ដល់​ក្រុមហ៊ុន សហគមន៍ និង​ម្ចាស់​ចម្ការ ឱ្យ​ជួយ​បង្រៀន​កង​កម្លាំង​ទាំង​នោះ ឱ្យ​ចេះ​ប្រមូល​ផល ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពួក​គាត់​ឱ្យ​បាន​ទាន់​ពេល​វេលា ដើម្បី​ងាយ​ស្រួល​ចែកចាយ​មៀន​ស្រស់ និង​ដំណាប់​មៀន​សម្ងួត នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ឱ្យ​ទទួល​បាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​។

ឯកឧត្ដម​រដ្ឋមន្ត្រី កសិកម្ម​បាន​ឆ្លៀត​យក​ឱកាស​នោះ លើក​ឡើង​ពី​សារប្រយោជន៍​នៃ​សហគមន៍​កសិកម្ម​ទំនើប ដែល​ជួយ​ប្រជា​កសិករ​ក្នុង​ការ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត និង​ការ​ទិញ​ធាតុ​ចូល​កសិកម្ម​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ មាន​ផែនការ​ផលិតកម្ម​ច្បាស់លាស់ អាច​ផ្គត់ផ្គង់​តាម​តម្រូវ​ការ​ទីផ្សារ មាន​កិច្ច​សន្យា​ផលិតកម្ម​ត្រឹមត្រូវ ទទួល​បាន​កម្ចី​ការ​ប្រាក់​ទាប និង​មាន​ទីផ្សារ​ពិត​ប្រាកដ​។

ឯកឧត្ដម​រដ្ឋមន្ត្រី បាន​បញ្ជាក់​បន្ថែម​ថា សហគមន៍​កសិកម្ម​ទំនើប​នេះ នឹង​ទទួល​បាន​ការ​គាំទ្រ​បច្ចេកទេស​ពី​ក្រសួង​កសិកម្ម​ផ្ទាល់ តាម​រយៈ​ការ​សហការ​ជា​មួយ​មន្ត្រី​កសិកម្ម​ឃុំ និង​ក្រុម​ការងារ​ជំនាញ ប្រការ​សំខាន់​ប្រជាកសិករ​ត្រូវ​កសាង​ទំនុក​ចិត្ត​ជា​មួយ​គ្នា ចេះ​សហការ​គ្នា គោរព​តាម​ច្បាប់​លក្ខន្តិកៈ​របស់​សហគមន៍​ដែល​បាន​ចែង ដើម្បី​ទទួល​បាន​ផល​ចំណេញ​សេដ្ឋកិច្ច និង​មាន​និរន្តរភាព​៕

Share.