យោងតាមអាជ្ញាធរវៀតណាមបានឱ្យថា ប៉ូលីសវៀតណាមបានចាប់ខ្លួនមេក្លោងឆបោក ជាស្រ្តីម្នាក់ដែលជាអ្នកបណ្ដុះបណ្ដាលអ្នកបោកប្រាស់​ ឱ្យប្រើល្បិចបោកបញ្ឆោតក្លែងបន្លំធ្វើជាសមត្ថកិច្ចរបស់ប្រទេសកម្ពុជា បោកយកទឹកប្រាក់ចំនួន ១ទ្រីលានដុង (ស្មើនឹង ៤០លានដុល្លារអាមេរិក)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam News ។

ស្រី្តដែលមេក្លោងខាងលើមានឈ្មោះ Pham Thi Huyen Trang មានអាយុ ២៦ឆ្នាំ ចេះភាសាចិនខាងស្ទាត់ជំនាញ ហើយបានធ្វើប្រតិបត្តិការឆបោកចេញពីប្រទេសកម្ពុជា ដោយនាងមានតួនាទីជាអ្នកគ្រប់គ្រងជាន់ខ្ពស់ បណ្ដុះបណ្ដាលអ្នកបោកប្រាស់ផ្សេងៗ ដោយប្រើល្បិចកលខ្ពស់ និងបង្វឹកសមាជិកក្រុមទាំងអស់ បន្លំធ្វើជាសមត្ថកិច្ចនគរបាល មន្រ្តីពន្ធដារ និងអាជ្ញាធរផ្សេងទៀត ដើម្បីជំរិតយកប្រាក់ពីជនរងគ្រោះជាជនជាតិវៀតណាមរាប់ពាន់នាក់។

ប៉ូលីសវៀតណាមបាននិយាយថា ស្រ្តីម្នាក់នេះ ត្រូវបានចាប់ខ្លួននៅខេត្ត Bac Ninh នៅពេលដែលមន្រ្តីប៉ូលីសបានបង្រ្កាបទីតាំងឆបោកតាមប្រព័ន្ធអ៊ីនធឺណិតមួយកន្លែង ដោយចាប់ខ្លួនបានក្រុមឆបោកជិត ៦០នាក់ ជាប់ពាក់ព័ន្ធក្នុងការរៀបចំប្រតិបត្តិការឆបោកដែលរៀបចំបានយ៉ាងល្អបំផុតមួយដែលអាជ្ញាធរបានរកឃើញ។

អាជ្ញាធរបានឱ្យដឹងថា ស្រ្តីឈ្មោះ Pham Thi Huyen Trang នេះ គឺជាមេក្លោងមួយរូបក្នុងចំណោមមេក្លោងសំខាន់ៗទាំង ៥ មកពីខេត្ត Quang Ninh, Bac Giang, Phu Tho និងទីក្រុង Hai Phong។

បើតាមការ​ឱ្យដឹង ក្រុម​ហ៊ុន​ក្លែង​បន្លំ​បច្ចេកវិទ្យាជាន់ខ្ពស់នេះ​ មាន​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយ​រៀង ​ប្រទេស​កម្ពុជា ​ដោយពួកគេបានចាត់តាំងក្រុមឆបោកជា ៣ក្រុមផ្សេងគ្នា ដោយបោកបញ្ឆោតឱ្យជនរងគ្រោះឱ្យទាញយកកម្មវិធី ឬ ចុចលើតំណរភ្ជាប់ (Link) រដ្ឋាភិបាលក្លែងក្លាយ ដែលផ្ដល់ឱ្យអ្នកបោកប្រាស់អាចចូលទីគ្រប់គ្រងទូរស័ព្ទពីចម្ងាយដោយសម្ងាត់ (Hacker)។

ក្រុមឆបោកទាំងនោះបានព្យាយាមលួចបន្លំគណនីធនាគាររបស់ជនរងគ្រោះ តាមរយៈគ្រប់គ្រងកម្មវិធីទូរស័ព្ទពីចម្ងាយ និងបញ្ឆោតជនរងគ្រោះឱ្យយល់ព្រមលើប្រតិបត្តិការតាមរយៈការសម្គាល់ផ្ទៃមុខ ឬការផ្ទៀងផ្ទាត់ស្នាមម្រាមដៃ។

យ៉ាងណាម៉ិញ អាជ្ញាធរបានរកឃើញថា ជនរងគ្រោះចំនួន ១៣,០០០នាក់នៅទូទាំងប្រទេស ត្រូវបានក្រុមឆបោក បោកប្រាស់ដោយជោគជ័យ ដោយនៅតែក្នុងខេត្ត Bac Ninh មួយប៉ុណ្ណោះ មានជនរងគ្រោះជាង ៣០០នាក់ ត្រូវបានក្រុមឆបោក បោកប្រាស់ទឹកប្រាក់អស់ចំនួន ៣១ពាន់លានដុង (ស្មើនឹង ១.៤លានដុល្លារអាមេរិក)។

ក្រុមស៊ើបអង្កេតមានការភ្ញាក់់ផ្អើលជាខ្លាំង នៅពេលដឹងថា ក្នុង ១ខែៗ នារីវ័យក្មេងជាមេក្លោងនេះ អាចទទួលបានទឹកប្រាក់ចំនួន ២០០លានដុង (ស្មើនឹង ៨,០០០ដុល្លារ)។

ក្រុមនេះអាចមានសមត្ថភាពបើកឱកាសធ្វើឱ្យជនរងគ្រោះឆ្លងកាត់ច្រកព្រំដែន និងអាកាសយានដ្ឋាន ហើយមកដល់ពេលនេះប៉ូលីសបានបើកប្រិតិបត្តិការដ៏ធំ និងពង្រាយកងកម្លាំង ដោយអាចកំណត់អត្តសញ្ញាណបុគ្គលចំនួន ៤២នាក់ដើម្បីកាត់ទោស ក្នុងនោះមាន ៣៨នាក់ត្រូវបានឃុំខ្លួនរួចហើយ។

ឥឡូវនេះ អាជ្ញាធរកំពុងពង្រីកសំណុំរឿងនេះ រួមមានការលាងលុយកខ្វក់ ការធ្វើចំណាកស្រុកខុសច្បាប់ និងការចោទប្រកាន់ពីបទក្លែងបន្លំអន្តរជាតិ។

ករណីនេះ​ជាការ​ដាស់តឿន​ដល់​ពលរដ្ឋ​វៀតណាម​ អំពី​ការកើនឡើង​នៃ​ការ​លួច​បន្លំ​តាមប្រព័ន្ធ​អ៊ីនធឺណិត។ ប៉ូលីសជំរុញឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះការហៅទូរស័ព្ទដែលមិនមានការស្នើសុំពី «មន្ត្រី» ហើយកុំដំឡើងកម្មវិធីដែលមិនស្គាល់នៅលើទូរស័ព្ទដៃរបស់ពួកគេ។

នៅពេលដែលការស៊ើបអង្កេតនៅតែបន្ត គេរំពឹងថា​ នឹងមានការចាប់ខ្លួនជនឆបោកកាន់តែច្រើន ហើយយុត្តិធម៌សម្រាប់ជនរងគ្រោះរាប់ពាន់នាក់អាចនឹងត្រូវបានការតបស្នង៕

ប្រភព៖ Vietnam News

Share.