កំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម កំពុងរកវិធីសាស្រ្តបញ្ជូនទឹកបន្ថែមទៀត ពីប្រឡាយមេព្រែកពោធិ ដើម្បីបញ្ជូនទឹកទៅជួយសង្រ្គោះស្រូវប្រាំងប្រជាពលរដ្ឋជិត១មុឺនហិកតា ដែលតំបន់ខ្លះកំពុងជួបបញ្ហាប្រឈមខ្វះទឹក។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញកសិកម្ម និងអជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ ព្រែកពោធិ ស្ថិតក្នុងស្រុកស្រីសន្ធរ ដើម្បីបញ្ជូនទឹកទៅស្រោចស្រពស្រែប្រាំង ជិត១មុឺនហិកតា ដែលតំបន់ខ្លះកំពុងជួបបញ្ហាប្រឈមខ្វះទឹក។

វត្តមានរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនេះ បានធ្វើឱ្យបងប្អូនប្រជាកសិករ មានក្តីរំភើបរីករាយ ដែលលោកតែងតែអញ្ជើញចុះមកដល់មូលដ្ឋានដោយផ្ទាល់ ដើម្បីផ្សាភ្ជាប់អំពីសុខទុក្ខ បញ្ហាប្រឈម និងដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ស្របតាមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។



គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ មានប្រឡាយមេ ចំនួន១២ខ្សែ និងប្រឡាយរងចំនួន ៤៦ខ្សែ សរុបប្រវែង ១០៥,៣៧គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុងមានប្រវែង ២៧,១៩គីឡូម៉ែត្រ និងប្រឡាយដីមានប្រវែង ៧៨,១៧គីឡូម៉ែត្រ សំណង់សិល្បការតូចធំចំនួន ១៩៥កន្លែង ព្រមទាំងមានស្ថានីយបូមទឹកទំនើបបំពាក់ម៉ូទ័រ ៧គ្រឿង ចំនួនមួយកន្លែង ។
ប្រព័ន្ធធារាសាស្ត្រនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដី ប្រមាណ ៩.០០០ហិកតា លាតសន្ធឹងចាប់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រហូតដល់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងផ្នែកខ្លះនៃស្រុកពារាំង ខេត្តព្រៃវែង ដោយប្រើប្រាស់ប្រភពទឹកពីទន្លេមេគង្គ។



ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ មានស្ថានីយបូមទឹកបំពាក់បច្ចេកវិទ្យាទំនើបខ្នាតធំ ដែលបូមទឹក ចេញពីទន្លេមេគង្គ ដែលមានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ ទាំងរដូវប្រាំង និងទាំងរដូវវស្សា។ គម្រោងនេះប្រើប្រាស់ថវិកាសរុប ប្រមាណ ៣២ លានដុល្លាអាមេរិក ៕
អត្ថបទ៖ អាចារ្យលាក់

អត្ថបទ៖

