គម្រោង​ផ្លូវ​ថ្មើរ​ជើង​ (​Walk Street )​ តាម​បណ្ដោយ​តីរវិថី​ព្រះ​ស៊ីសុវត្ថិ និង​ចាប់​ដំណើរការ​សាកល្បង​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី១ ខែ​កុម្ភៈ​នេះ​ហើយ​។ គម្រោង​ផ្លូវ​ថ្មើរជើង​ ដើរ​កម្សាន្ត​នេះ មាន​ប្រវែង​ជិត​២​គីឡូម៉ែត្រ (១​,​៩ គ.ម៉​) ចាប់​ពី​ស្តុប​ផ្លូវ​លេខ ២៤០ មុខ​សាល​ចតុមុខ រហូត​ដល់​ប្រៃសណីយ៍​កម្ពុជា ក្បែរ​វត្ត​ភ្នំ​។ Walk Street បើក​ដំណើរការ​មួយ​សប្ដាហ៍​២ថ្ងៃ​ ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ចាប់​ពី​ម៉ោង​៦​ល្ងាច ដល់​ម៉ោង​១១​យប់​។ ហើយ​នៅ​ថ្ងៃ​ដែល​ដំណើរការ Walk Street នេះ​, ចរាចរណ៍​នៅ​តាម​បណ្ដោយ​តីរវិថី​ព្រះ​ស៊ីសុវត្ថិ និង​ផ្លូវ​ពាក់ព័ន្ធ​មួយ​ចំនួន​នឹង​ត្រូវ​ផ្អាក​បណ្ដោះ​អាសន្ន ដើម្បី​រក្សា​បាន​នូវ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កក​ស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើ​សុំ​បិទ​ផ្លូវ និង​ពង្វាង​ចរាចរ​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​តាម​ពេល​វេលា និង​ម៉ោង ដូច​បាន​លើក​ឡើង​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី ដើម្បី​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ថ្មើរជើង​។

ទន្ទឹម​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់ Walk Street ឲ្យ​យក​យាន​ជំនិះ​ខ្លួន​ចេញ​ពី​តំបន់​ថ្មើរ​ជើង ឱ្យ​បាន​មុន​ពេល​ដែល​បាន​កំណត់​ខាង​លើ ដើម្បី​សម្រួល​ដល់​ការ​ដើរ​កម្សាន្ត​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។ ជា​មួយ​គ្នា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល មាន​បំណង​មក​ដើរ​កម្សាន្ត គួរ​ប្រើប្រាស់​មធ្យោបាយ​សាធារណៈ ជំនួស​ឱ្យ​ការ​ប្រើប្រាស់​មធ្យោបាយ ផ្ទាល់ខ្លួន​។

យោង​តាម​ការ​លើក​ឡើង​របស់​ឯកឧត្ដម​ឃួង ស្រេង កាល​ពី​ពេល​កន្លង​មក​បាន​បញ្ជាក់​ថា គម្រោង​រៀបចំ ផ្លូវ ថ្មើរជើង សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នេះ​, រដ្ឋបាល រាជធានី​ភ្នំពេញ បាន​គិតគូរ​ជា​យូរ​មក​ហើយ តាំង​ពី ឆ្នាំ ២០១៩ មក​ម្ល៉េះ​, ប៉ុន្តែ​ដោយសារ ស្ថានភាព​នៃ​វិបត្តិ​កូវីដ​-​១៩ បាន​ធ្វើ​ឱ្យ​គម្រោង នេះ​ផ្អាក​ដំណើរការ មួយ​ឡែក​សិន ប៉ុន្តែ​មក​ដល់​ពេល​នេះ បន្ទាប់ ពី​មាន​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ពី​ការ​ជំរុញ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នៅ​តាម មូលដ្ឋាន​រៀងៗ​ខ្លួន​, រដ្ឋបាល​រាជធានី ភ្នំពេញ​បាន បន្ត​ជំរុញ​គម្រោង​ផ្លូវ ថ្មើរជើង នេះ​ឱ្យ​ដំណើរការ​ឡើងវិញ ដើម្បី​ធ្វើ​យ៉ាងណា ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ​មក លេង​កម្សាន្ត​ឱ្យ​បាន​ច្រើន​។

លោក គុជ បញ្ញា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានសម្ដែង​ការ​គាំទ្រ​ចំពោះ​គម្រោង​បើក​ផ្លូវ ថ្មើរជើង នេះ​ព្រោះ​វា​មាន​សារសំខាន់​ណាស់ សម្រាប់​បម្រើ​ដល់ ការ​ទាក់ទាញ យ៉ាង​ល្អ បំផុត​សម្រាប់​វិស័យ ទេសចរណ៍ ដោយសារ រាជធានី​ភ្នំពេញ គឺ​ជា​បេះ​ដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មជ្ឈមណ្ឌល​សេដ្ឋកិច្ច នយោបាយ វប្បធម៌ ទេសចរណ៍ ហើយ​ភ្ញៀវ​ទេសចរ ជា​ច្រើន មិន​ដែល​រំលង​រាជធានី​ភ្នំពេញ​ឡើយ​៕

អត្ថបទ៖ ត្រយងតូច

Share.