ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ លោក អោក ហៃ មន្រ្តីកិច្ចសន្យា (ឆ្មាំ) ប្រចាំការនៅស្រុកកំពង់លែង បាននាំយកបំណែកព្រះពុទ្ធប្រក់នាគ ធ្វើពីថ្មភក់ មានកម្ពស់៣១.២ ស.ម ទទឹង៣៦.៩ ស.ម និងកម្រាស់១៧.១ស.ម សម័យអង្គរ ដែលមានប្រភពដើមមកពីវត្តមានគុណ ហៅវត្តត្របែក ស្ថិតក្នុងភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

សូមចុចអាន៖ កម្ពុជា​ ទទួល​បាន​រតនវត្ថុ​គ្រឿង​អលង្ការ​បុរាណ​ខ្មែរ​ ពី​គ្រួសារ​លោក​ ឌូគ្លីស​ ឡាតហ្វដ​ សរុប​ចំនួន​ ៧៧​គ្រឿង​

វត្ថុបុរាណខាងលើនេះ ត្រូវបានព្រះចៅអធិការវត្តមានគុណ ហៅវត្តត្របែក បានប្រគល់មកឱ្យឆ្មាំ យកមកដាក់ក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង ដើម្បីថែរក្សា និងតាំងបង្ហាញជូនសាធារណជនចូលទស្សនា និងសិក្សាឈ្វេងយល់ពីតម្លៃនៃប្រវត្តិសាស្រ្ត វប្បធម៌ដែលត្រូវបានបន្សល់ទុកដោយដូនតាយើង។

លោក សន ចាន់ធឿន ប្រធានការិយាល័យសារមន្ទីរ បានលើកឡើងថា ក្រោយពីបានទទួល-ប្រគល់វត្ថុបុរាណ ជាបំណែកបដិមាព្រះពុទ្ធប្រក់នាគមក សារមន្ទីរខេត្តកំពង់ឆ្នាំង នឹងធ្វើការអភិរក្សក្រៅពីជួសជុល រៀបចំចុះបញ្ជីសារពើភណ្ឌ និងបញ្ចូលក្នុងប្រព័ន្ធទិន្នន័យ Database របស់សារមន្ទីរជាតិ និងដាក់តាំងបង្ហាញជូនសាធារណជនចូលទស្សនាសិក្សាស្វែងយល់។ ក្រៅពីនេះ សារមន្ទីរខេត្តកំពង់ឆ្នាំង ក៏សិក្សាបន្ថែមលើទីតាំងប្រភពដើមសមុច្ច័យមួយនេះបន្តទៀត៕

Share.