សិល្បៈជាតិ៖ តារាចម្រៀងជួរមុខក្នុងប្រទេសកម្ពុជា ខេមរៈ សិរីមន្ត បានលើកឡើងពីអារម្មណ៍ស្តាយក្រោយចំពោះទឹកចិត្តដែលលោកធ្លាប់បានគាំទ្រតារាចម្រៀងជំនាន់ថ្មីដោយពួកគេបានជ្រកក្រោមឈ្មោះនិពន្ធបទថ្មីអស់រយៈពេល ៨ ឆ្នាំ ប៉ុន្តែចុងក្រោយស្រាប់តែបែកធ្លាយដំណឹង copy ភ្លេងបទចម្រៀងពីក្រៅស្រុក។

ការលើកឡើងនេះលោក ខេមរៈ សិរីមន្ត បានហួសចិត្តដែលខ្លួនរងការប្រមាថពីមាត់ហ្វេនតារាចម្រៀងជំនាន់ថ្មីដូចគ្នា ដោយពួកគេប្រមាថថា តារាចម្រៀងចាស់ៗមិនចេះធ្វើអីក្រៅពី copy ចម្រៀងពីប្រទេសគេ។

សំណេរដ៏វែងរៀបរាប់ពីអារម្មណ៍ក្នុងចិត្តរបស់លោក ខេមរៈ សិរីមន្ត បានលើកឡើងយ៉ាងដូច្នោះថា ៖

«រយៈពេល៧ -៨ឆ្នាំចុងក្រោយនេះ បងនិងតារាចម្រៀងរាមច្បង លោកគ្រូ អ្នកគ្រូ ផ្នែកចម្រៀង ស្ទើរតែទាំងអស់ត្រូវបានក្រុមអ្នកគាំទ្ររបស់ប្អូនៗតារាចម្រៀងជំនាន់ថ្មី តាមជេប្រមាថមើលងាយរហូត ដោយចោទប្រកាន់និងប្រៀបធៀបថា ពួកបងនិងរៀមច្បងស្ទើរទាំងអស់គ្នា មិនចេះធ្វើអីក្រៅពី copy ចម្រៀងពីប្រទេសគេ ទាំងក្នុងស្ថានភាព ប្រទេសយើងស្ថិតក្នុងការលំបាកនាពេលអតីតកាល ហើយក្រុមអ្នកគាំទ្ររបស់ប្អូនៗ មានមោទនភាពព្រោះពួកប្អូនៗ ដោយពួកគាត់គិតថា ប្អូនៗជាអ្នកនិពន្ធថ្មី ហើយបងក៏ធ្លាប់មានមោទនភាពប្អូនៗដែរ បងក៏បានផលិតចម្រៀងនិពន្ធថ្មីរយៈពេល ៧ ឆ្នាំជាប់គ្នាមកនេះ បានខ្ទង់រយបទហើយតែអ្វីៗបងមិននឹកស្មានថា ប្អូនៗ Cheat បំភាន់សូម្បីតែហ្វេនរបស់ខ្លួនឯងថា ខ្លួនជាអ្នកនិពន្ធថ្មី តែឥឡូវនេះគឺបែកធ្លាយអស់ហើយ គឺប្អូនៗ copy ពីប្រទេសគេរហូតដែរសោះ បងសោកស្ដាយចំពោះការមោទនភាពរបស់បង ចំពោះប្អូនៗកន្លងមកហើយ បានទទួលរងការប្រមាថពីហ្វេនរបស់ប្អូនៗរហូត មកដែរ តែមិននឹកស្មានថាប្អូនៗធ្វើចឹងសោះឈប់បានឈប់ទៅប្អូនៗសម្លាញ់ យើងធ្វើបានប៉ុណ្ណាយើងប្រាប់គេត្រង់ៗទៅល្អជាងសម្រាប់យើងទាំងអស់គ្នា»។

ជាការពិតណាស់ ចាប់តាំងពីប្រទេសទើបតែក្រោកពីភ្លើងសង្គ្រាមប្រល័យពូជសាសន៍មក គេសម្គាល់ឃើញ​ថា​បទ​ចម្រៀង​ភាគច្រើនណាស់ដែលមានការចម្លងសាច់ភ្លេងពីប្រទេសជិតខាង រួមទាំងចិន និងអ៊ឺរ៉ុបផងដែរ។ សួរថា តើប្រទេសដែលរីកចម្រើនទាំងអស់នោះមានសិទ្ធប្ដឹងទាមទារកម្មវិធីបញ្ញាទេ?

ប្រាកដណាស់គឺពិតជាមាន ក៏ប៉ុន្តែអំឡុងពេលនេះ ប្រទេសកម្ពុជាកំពុងស្ថិតក្នុងចំណាត់ថ្នាក់ប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នោះមានកត្តាមួយចំនួនត្រូវបានលើកលែង។ រហូតមកដល់អំឡុងឆ្នាំ ២០០០ ក្រាស់បន្តិច អ្នកស្ដាប់បទចម្រៀងស្ដាប់ផ្ដើមដឹងពីប្រភពបទ និងមានគំនិតចង់បញ្ឃប់ការគាំទ្រផលិតកម្មផលិត​បទ​ចម្រៀង​ចម្លង។

បើចាំមិនខុសទេ ផលិតកម្ម Rock ជាផលិតកម្មធំមួយនៅក្នុងស្រុកដែលបានផលិតបទចម្រៀង Orignal សុទ្ធសាធ ប៉ុន្តែមិនយូរប៉ុន្មានក៏បានឈប់ផលិតវិញ ដោយសារមិនចំណេញ។ បន្តមកទៀត នៅឆ្នាំ ២០១៥ តារាចម្រៀងស្រី មាស សុខសោភា បានប្រកាសឈប់ច្រៀងចម្រៀង Copy និងបានផលិតបទចម្រៀងនិពន្ធថ្មីជាច្រើនបទដែលទទួលបានការគាំទ្រច្រើន។ ដូច្នោះហើយការនិពន្ធបទចម្រៀងថ្មីៗក៏បានផុសផុលឡើងរហូតដល់សព្វថ្ងៃនេះ។

ជារួមមកវិញ ការលើកឡើងរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ដូចបានជម្រាបខាងលើនេះ លោកមានគំនិតចង់ឱ្យអ្នកគាំទ្រយល់ពីស្ថាបភាពផលិតបទចម្រៀងពីមុខ ដែលមានភាពខុសគ្នានឹងសព្វថ្ងៃនេះ ដែលគេនិយមនិយាយ​ថាបទ original ។ សរុបមក ចម្រៀង original គឺជាស្នាដៃដើម រីឯ copy គឺជាការចម្លងឬកែប្រែពី​ដើម​ ដែលអាចមានផលប៉ះពាល់ចំពោះសិទ្ធិបញ្ញា និងគុណភាពផងដែរ។ ដូច្នោះចូរអ្នកគាំទ្រគួរគិតពិចារណាលើស្ថានភាពប្រទេសពីមុនឱ្យបានល្អិតល្អន់ចំពោះករណីខាងលើនេះ៕

https://troryorng.com/
Share.