ភ្នំពេញ ៖ ទាំងពលរដ្ឋ ទាំងសមត្ថកិច្ច អាជ្ញាធរ ងឿងឆ្ងល់គ្រប់គ្នា បន្ទាប់ពីមានបន្ទះដុំថ្ម ទ្រង់ទ្រាយបន្ទះទ្រវែង បានហោះធ្លាក់មកលើដំបូលផ្ទះប្រជាពលរដ្ឋ ធ្លាយដំបូល បាក់ប្លង់សេ របួសមនុស្សម្នាក់ ផ្អើលគ្រប់គ្នា កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។


ផ្ទះដែលរងខូចខាត ជាផ្ទះល្វែងជួល ធ្លាយដំបូល បាក់ប្លង់សេចំនួន២បន្ទប់ (២កន្លែង) ខូចខាតទ្វារ១បន្ទប់ របួសជើងមនុស្សម្នាក់ តែស្រាល ។


តាមប្រជាពលរដ្ឋបានឱ្យដឹងថា បន្ទះដុំថ្ម គ្មានអ្នកណាម្នាក់បានឃើញ ដឹងថាហោះមកពីខាងណាដែរ គ្រាដែលនៅសុខៗ ស្រាប់តែលាន់សូរសម្លេង ដូចគ្រាប់ផ្ទុះ បានធ្លាក់មកលើដំបូលផ្ទះ បណ្តាលឱ្យធ្លុះធ្លាយ បាក់បែកផ្ទះ ឃើញតែបន្ទះដុំថ្ម ពណ៌ក្រហម ទ្រង់ទ្រាយទំហំ ១០cm x៥០cm ចំនួន៣បន្ទះ មានទម្ងន់ធ្ងន់ បើលើកដៃទទេមិនរួចទេ ធ្វើឱ្យប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច ងឿងឆ្ងល់ មិនទាន់ដឹងថា បន្ទះដុំថហោះមកពីណា ខណៈដែលនៅជុំវិញកន្លែងកើតហេតុ គ្មានការដ្ឋានសំណង់ណាខ្ពស់ជាងផ្ទះកើតហេតុឡើយ មានតែការដ្ឋានគេដាក់លូ ។
បន្ទាប់ពីមានហេតុការណ៍នេញកើតឡើង សមត្ថកិច្ចចុះ ទៅពិនិត្យស្លាកស្នាម និងបន្តស្រាវជ្រាវ រកប្រភពបន្ទះដុំថ្មថាធ្លាក់ពីណា ៕


អត្ថបទ៖ តាតុងសែនជ័យ

