ក្រុមនារីវិសាខា បាន​យក​ឈ្នះលើ ក្រុម​នារីណាហ្គាវើលដ៍ ​នៃពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League 2024-25) នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងទីលានហ្វឹកហាត់ Visakha Training Centre នៅថ្ងៃសៅរ៍ ទី១ ខែកុម្ភ: ឆ្នាំ២០២៥។

​ជ័យ​ជម្នះ​នេះ​ដែរ កើតឡើង​ដោយ​ការទាត់​បាល់កាត់​សេចក្ដី​១១ម៉ែត្រ ក្នុង​លទ្ធផល៤ទល់និង៣ បន្ទាប់​ពី​លេង​ពេញ ៩០នាទី។ ដូច​នេះ ក្រុម​នារីវិសាខា នឹងឡើងទៅជួបភ្នំពេញក្រោន ដែលកំពុងអង្គុយរង់ចាំនៅវគ្គផ្តាច់ព្រ័ត្រ ដែលការប្រកួតគ្រោង នឹងធ្វើឡើងនៅថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៥ ដណ្តើមជើងឯកលីគនារីកម្ពុជា Cambodian Women League 2024-25។

ការប្រកួត​ពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League 2024-25) បាន​​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៤ ដែល​គ្រោង​នឹង​បញ្ជប់​នៅ​​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​ការ​ប្រកួត​ត្រូវ​ធ្វើ​ Home/Away លើ​ទឹកដី​របស់​ក្រុម​ទាំង​១០​ម្តង​ម្នាក់ និង​យក​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​លេខ១ដល់លេខ៤ ដើម្បី​ប្រជែង​ជើង​ឯក។

គួរ​បញ្ជាក់ថា ​ពានរង្វាន់លីគនារីកម្ពុជា Cambodian Women League 2024-25 គឺ​ជា​លើក​ទី៣ ហើយ​ដោយ​លើកដំបូង​ធ្វើ ឡើង​នៅ​ឆ្នាំ២០២០-២០២១ ដោយ​ម្ចាស់​ជើង​ឯក​គឺ ណាហ្គាវើលដ៍ និងព្រះខ័នរាជស្វាយរៀង (ដោយ​ការប្រកួតវគ្គផ្ដាច់ព្រ័ត្រត្រូវ​លុបចោល ដោយ​សារ​ការរីករាលដាលជំងឺកូវីដ) ខណ:នៅ​រដូវ​កាល​ឆ្នាំ២០២១-២០២២ ម្ចាស់​ជើង​ឯក​គឺ ភ្នំពេញក្រោន៕

Share.