បន្ទាប់ពីម្ចាស់គណនីមួយដែលមានឈ្មោះថា @O និងមានតំណាងរូបចាបពណ៌ស លើ Profile បានបង្ហោះរូបភាពរាំគ្រវីកាន់ដាវនៅលើបណ្ដាញសង្គម តិកតុក កាលពីថ្ងៃទី៣០ ខែមករា វេលាម៉ោងប្រមាណជា១០យប់ ប៉ុន្តែឈានចូលដល់ថ្ងៃទី៣១ ខែមករា សមត្ថកិច្ចអាចកំណត់មុខសញ្ញាបាន និងចាប់ក្របួចបុគ្គលពាក់ព័ន្ធទាំង៣នាក់ នៅម៉ោង៣រសៀល។

យុវជន២រូបមួយមានឈ្មោះ ជឹម ជីវ័ន្ត វ័យ១៦ឆ្នាំ (គណនីតិកតុក @O និងមានតំណាងរូបចាបពណ៌ស លើ Profile ) និងម្នាក់ទៀតឈ្មោះ ចក់ សុខណេង វ័យ១៦ឆ្នាំ (គណនីតិកតុក @onesmall41) បានធ្វើដំណើរទៅលេងមិត្តភក្ដិ ឈ្មោះ សឺន សុខណាង វ័យ១៩ រស់នៅភូមិកំពង់រទេះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។ ពេលទៅដល់ផ្ទះមិត្តភក្ដិ អ្នកទាំងពីរបានយកដាវផ្លែដែក១ដើម ដែល សឺន សុខណេង លាក់ទុកមកថតរូបរាំលេង បន្ទាប់មកបានកាត់តវីដេអូនោះ ដាក់បង្ហោះលើបណ្ដាញសង្គមតិកតុក ក្នុងគោលបំណង ផុសលេងបង្អួតគេ និងដើម្បីចង់មានអ្នកចូលមើល View ច្រើន។

ប៉ុន្តែម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣១ ខែមករា ឈ្មោះ ចក់ សុខណេង ហៅទក បានលុបវីដេអូនោះចេញពីគណនីរបស់ខ្លូន ក្រោយពេលឈប់សំរាកញ៉ាំបាយថ្ងៃត្រង់នៅរោងចក្រ ហើយបើទោះជាយ៉ាងនេះក្ដីសមត្ថកិច្ចនៅតែអាចកំណត់មុខសញ្ញានិងស្រាវជ្រាវចាប់ឃាត់ខ្លួន ជនសង្ស័យឈ្មោះ ជីម ជីវ័ន្ត ហៅសួន និងបន្តស្រាវជ្រាវនាំខ្លួនជនសង្ស័យឈ្មោះ ចក់ សុខណេង ហៅទកមកសាកសួរចម្លើយនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ចំណែកឈ្មោះ សឺន សុខណាង បានរត់គេចខ្លួន

សូមបញ្ជាក់ជូនថាជនសង្ស័យទី១ ឈ្មោះ ជឹម ជីវ័ន្ត ហៅសួន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិជ្រោយសំបួរ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។ (កាន់ដាវ ថតបង្ហោះ) -ជនសង្ស័យគ្មានសារធាតុញៀននូវក្នុងទឹកនោម អវិជ្ជមាន (-) ដោយឡែកជនសង្ស័យទី២ឈ្មោះ ចក់ សុខណេង ហៅទក ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកំពង់រទេះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។ -ជនសង្ស័យមានសារធាតុញៀននូវក្នុងទឹកនោម វិជ្ជមាន (+) ចំណែកជនសង្ស័យទី៣ ដែលជាម្ចាស់ដាវ មានឈ្មោះ សឺន សុខណាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល កំពុងរត់គេចខ្លួន៕

