កណ្តាល÷ ផ្អើលពលរដ្ឋ និងសម្ថកិច្ច ខណ:ប្រទះឃើញសពបុរសម្នាក់ត្រូវភ្លើងឆេះមើលលេងស្គាល់ នៅចំណុចជាប់ផ្លូវជាតិលេខ៦ គីឡូម៉ែត្រលេខ២៧ ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីថ្ងៃទី ៣១ ខែមករាឆ្នាំ២០២៥ ។

ជនរងគ្រោះ ភេទប្រុស អាយុប្រហែល ៤០ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់អត្តសញ្ញាណនៅឡើយទេ ក្រោយកើតហេតុ សមត្ថកិច្ចរកឃើញវត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុមានដូចជា ទូរសព្ទម៉ាក OPPO ឆេះខ្លោចមួយគ្រឿងនិងលុយចំនួន៦ពាន់រៀល។

តាមប្រភពពីប្រជាពលរដ្ឋ លក់ចាប់ហួយ នៅជាប់ផ្លូវជាតិលេខ៦ ខាងជើងកន្លែងកើតហេតុចម្ងាយប្រហែល៦០ម៉ែត្រ បានឲ្យសមត្ថកិច្ចដឹងថាកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៤:៣០នាទី គាត់បានឃើញជនរងគ្រោះខាងលើដើរតែម្នាក់ឯង ហើយបានចូលមកទិញសាំងដបរបស់គាត់ចំនួន០២លីត្រ ច្រកដាក់ដបទឹកសុទ្ធ ក្នុងពេលនោះជនរងគ្រោះបានឈរជក់បារី និងផឹកទឹកសុទ្ធ ក្រោយមកជនរងគ្រោះបានដើរសំដៅទៅទិសខាងត្បូងបាត់ទៅ។ លុះដល់វេលាម៉ោងកើតហេតុខាងលើ ក៏មានប្រជាពលរដ្ឋរាយការណ៍ប្រាប់ថា មានមនុស្សដុតសម្លាប់ខ្លួនឯងនៅជាប់ផ្លូវជាតិលេខ៦ ចំណុចកើតហេតុខាងលើតែម្តងទៅ។

ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក ក៏បានចុះមកដល់កន្លែងកើតហេតុ ព័ទ្ធខ្សែការពារ និងបានសួរនាំបំភ្លឺជុំវិញកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកមូលហេតុ និងអត្តសញ្ញាណជនរងគ្រោះខាងលើ តែប្រជាពលរដ្ឋក្នុងមូលដ្ឋានមិនមានបាត់សាច់ញាតិ និងមិនស្គាល់អត្តសញ្ញាណជនរងគ្រោះខាងលើនេះឡើយ។

បច្ចុប្បន្ន សពជនរងគ្រោះបានប្រគល់ឱ្យលោក ម៉ៅ ថាន មេភូមិជ្រោយមេត្រីក្រោម តម្កល់ទុកនៅក្នុងវត្តពោធិមង្គល ស្ថិតនៅភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ដើម្បីស្វែងរកសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ÷កណ្តាល

Share.