ពលរដ្ឋ​ចំនួន ​២គ្រួសារ មួយ​គ្រួសាររស់នៅ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ និង មួយ​គ្រួសារទៀត នៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ដែល​អគ្គីភ័យបាន​លេបត្របាក់​ខ្ទេចអស់​ បាន​ទទួល​អំណោយមនុស្ស​ធម៌ពី​កាកបាទក្រហមកម្ពុជា កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ​២០២៤ ដើម្បី​ដោះស្រាយ​បញ្ហាប្រឈម​ចំពោះ​មុខ​សិន។

តំណាង​ដ៏ខ្ពង់ខ្ពស់​ពី​ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល លោកជំទាវ ស្រ៊ុន ស្រីនាង បាននាំមកនូវការផ្ដាំផ្ញើសាកសួរ ដោយក្ដីនឹករលឹក និងសេចក្តីអាណិតអាសូរជាទីបំផុត នូវទុក្ខលំបាករបស់ប្រជាជនគ្រប់រូប ពីសំណាក់​លោក​អភិបាល និង​ជា​ប្រធាន​សាខាកាក​បាទ​ក្រហម​​ខេត្ត​កណ្ដាល​ផង​ដែរ។

ការចុះ​មក​ជួយ​ដល់​ពលរដ្ឋ​ទាំងពីរគ្រួសារ​នេះ គឺជា​ការ​បង្ហាញ​នូវ​ក្ដី​កង្វល់របស់ថ្នាក់ដឹកនាំដែល​ត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរជូនពលរដ្ឋ​ក្នុង​គ្រា​លំបាក​ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកចែកជូនដល់ប្រជាជនរងគ្រោះទាំង ២គ្រួសារនាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែក​ដែរ។

អំណោយសាខាកាកបាទ​ក្រហម​ដែល​លោក​ជំទាវ​បាន​នាំ​ទៅបានចែកជូនជនរងគ្រោះ ដោយក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស ,កៅស៊ូតង់ ១ផ្ទាំង ,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ ,ទឹកសុទ្ធ ១កេស ,ត្រីខ ១យួរ ,ឃីតសម្ភារប្រើប្រាស់ ១កញ្ចប់ ,សម្ភារផ្ទះបាយ ១ឈុត និងថវិកាចំនួន ១,០០០,០០០ រៀល (មួយលានរៀល)។

​លោកជំទាវក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះចំពោះករណីគ្រោះអគ្គិភ័យ ពិសេសរដូវនេះគឺជារដូវរំហើយខ្យល់ស្ងួត ការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ចរន្តអគ្គិសនីជាដើម បើយើងមានការធ្វេសប្រហែល នោះវាអាចបង្កនូវគ្រោះអគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការឆាបឆេះខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក និងសម្ភារដ៏មានតម្លៃរបស់យើង ពិសេសជីវិតមនុស្ស និងសត្វផងដែរ។

ជា​ចុង​បញ្ចប់​ លោកជំទាវ បានលើកទឹកចិត្ត ដល់គ្រួសាររងគ្រោះ ទាំង២គ្រួសារ ដែលត្រូវបានភ្លើងឆាបឆេះផ្ទះសម្បែង មិនត្រូវបាក់ទឹកចិត្ត និងការអស់សង្ឃឹមឡើយ ត្រូវបន្តខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។

សូម​រំលឹក​ឡើងវិញ​ថាហេតុការណ៍គ្រោះអគ្គិភ័យផ្ទះ​ទី១ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បណ្តាលមកពីផ្ទុះកំប៉ុងហ្គាស និង ផ្ទះ ១ខ្នងទៀតបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ អគ្គីភ័យឆាបឆេះ​ផ្ទះអស់ទាំងស្រុង ពុំមាន​គ្រោះថ្នាក់បាត់បង់ដល់អាយុជីវិតមនុស្សឡើយ៕

Share.