សិល្បៈអន្តរជាតិ៖ ពិតជា​ដូច​ការរំពឹង​ទុករបស់អ្នក​គាំទ្រ​ប្រាកដមែន ក្រោយ​មាន​ដំណឺង​ថា​បុរស​សង្ហា​ពីខ្សែភាពយន្ត​ភាគ​កូរ៉េ​ដ៏ល្បី Byeon Woo Seok បាន​ជាប់ឈ្មោះ​​ សម្រាប់​ការ​បោះឆ្នោតជ្រើសរើស​បុរសសង្ហាជាងគេ​លើ​ផែនដី​ នោះ​ក៏ព្រោះ​តែរឿង​ដែល​គេ​សម្ដែង​ផ្ទុះ​ល្បីល្បាញ​ខ្លាំងកាលពីឆ្នាំ​២០២៤។

​ភាពយន្ត​ Lovely Runner បាន​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​តារា​រូប​នេះ​ហក់​ឡើង​ស្រឺតៗ ប្រៀបដូច​ជាគេសប់ប៉េងប៉ោង រហូតជួយឱ្យ​លោក​ក្លាយជាតារា​សំណព្វបេះដូង​ហ្វេនៗដែលនិយម​គាំទ្រ​ភាពយន្ត​កូរ៉េដោយ​មិន​លំបាក។

​Byeon Woo Seok គឺជា​តារា​សម្ដែង​កូរ៉េ​តែមួយគត់ ដែលត្រូវបាន​ទទួល​ស្គាល់ និង​ជ្រើសរើសឈ្មោះ​ឱ្យ​ប្រកួតប្រជែងក្នុង​កម្មវិធី​បុរស​សង្ហាបំផុត​លើ​ផែនដី​ក្នុង​ឆ្នាំ​២០២៥​នេះ។ ហ្វេន​ៗ​ដែលស្រលាញ់​គាំទ្រ​តារា​រូប​នេះ​បាន​ប្រកាស​ថា​ពួក​គេ​នឹង​ប្រមូល​ផ្ដុំ​ថវិកា ក៏ដូចជា​ជួយ​បោះ​ឆ្នោត​គ្មាន​កំណត់ ដើម្បីធ្វើ​យ៉ាងណាជួយឱ្យ​លោក​អាច​ឈ្នះតំណែង​មួយ​នេះ។

សូម​រំលឹកឡើងវិញថា ភាពយន្ត Lovely Runner សម្ដែងដោយ Byeon Woo Seok (តួអង្គ Ryu Seon Jae) គឺជាតារា​ដ៏ល្បីល្បាញ​ ហើយ​មាន​កេរ្តិ៍ឈ្មោះបោះសំឡេងតាំងពីបោះជំហាន​ចូល​សិល្បៈ។ ជីវិត​គាត់​បើមើលពីខាងក្រៅ គឺល្អឥតខ្ចោះ ប៉ុន្តែ​គ្មាន​អ្នក​ណា​ដឹងទេថា ឧស្សាហកម្មសិល្បៈ​មួយ​ធ្វើឱ្យ​ជីវិត​គេ​លំបាកបែបណា។ Lim Sol (សម្ដែង​ដោយ​ Kim Hye Yoon) គឺជា​ហ្វេន​ម្នាក់ដែល​ស្រលាញ់​ចូលចិត្ត Ryu Seon Jae។ កាល​ពីក្មេង​នាង​ធ្លាប់ជួបឧប្បត្តិហេតុ​ធ្វើ​ឱ្យ​នាង​ត្រូវ​បោះបង់ចោល​ក្ដីសុបិន តែ​ក្រោយពីបាន​ស្ដាប់​ចម្រៀង​របស់​អាយដលខ្លួន​តាម​វិទ្យុធ្វើ​ឱ្យ​នាង​រីករាយឡើងវិញ និង​បាន​ឧទ្ទិសខ្លួនជា​អ្នក​គាំទ្រ​របស់​ Ryu Seon Jae។ ថ្ងៃមួយ​ Lim Sol ឈឺចាប់យ៉ាងខ្លាំងក្រោយ​ឮដំណឹងថា អាយដលខ្លួន​បាន​បញ្ចប់​ជីវិតរបស់​ខ្លួន​ ប៉ុន្តែ​​ស្រាប់​តែ​មាន​ហេតុការណ៍​មួយ​​ដែល​ធ្វើ​ឱ្យ​ Lim Sol មាន​ឱកាស​បាន​ធ្វើ​ដំណើរ​ត្រលប់​ទៅកាន់អតីតកាល​ កាលពី១៥ឆ្នាំ​មុន។ នៅពេល​នោះ​ក្នុង​ពេល​ដែល​អាយដលរបស់​នាង​ Ryu Seon Jae មាន​អាយុ ​១៩ឆ្នាំ ជាសិស្ស​វិទ្យាល័យ Lim Sol បានព្យាយាមធ្វើ​គ្រប់យ៉ាង រារាំង​មិន​ចង់ឱ្យ​គេ​ធ្វើ​តារា​ ព្រោះ​ខ្លាច​ចុងបញ្ចប់ប្រវត្តិសាស្ត្រ​នឹង​ច្រំដែល។

Share.