កណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងនូវការកោតសរសើរ និងលើកទឹកចិត្តដល់យុវជនសិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋ សូមបន្តចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតដល់ជនរងគ្រោះដែលកំពុងតែត្រូវការឈាមជាចាំបាច់។ ឯកឧត្តម គួច ចំរើន បានថ្លែងដូច្នេះ នៅក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលបានរៀបចំឡើងនៅក្នុងបរិវេណវត្តក្រពើហារ ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងតាខ្មៅ (ស.ស.យ.ក) ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម គួច ចំរើន បានចាត់ទុកការបរិច្ចាគឈាមគឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លាបំផុត ជាការធ្វើបុណ្យ និងជាការជួយសង្គ្រោះជីវិតមនុស្ស ដោយសារមានអ្នកជំងឺនៅតាមមន្ទីរពេទ្យនានា ត្រូវការឈាមជាចាំបាច់ដើម្បីយកមកសង្គ្រោះជីវិតជនរងគ្រោះ។ ឯកឧត្តម បន្តថា បងប្អូនពលរដ្ឋ សិស្សានុសិស្ស និងយុវជន ចូលរួមបរិច្ចាគឈាមនាថ្ងៃនេះគឺជាសកម្មភាពនិងជាគំរូដ៏ល្អសម្រាប់ពលរដ្ឋផ្សេងទៀតចូលរួមបរិច្ចាគឈាម។

អត្ថបទ÷កណ្តាល

Share.