នេះគឺជារឿងមួយដែលប្លែកនិងថ្មីទៀតហើយ ដោយសារតែករណីលួចនេះ មិនមែនលួចសំភារៈ របស់របរប្រើប្រាស់ ឬលុយកាក់នោះទេ តែជាករណីលួចក្រវិលប៉ុង ពោលគឺក្រវិលកំប៉ុងរង្វាន់ស្រាបៀរ និងភេសជ្ជៈ ដោយក្នុងនោះជនសង្ស័យជាប្ដីប្រពន្ធបានប្រើឱ្យកូនៗរបស់ខ្លួនធ្វើសកម្មភាព។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច ជនរងគ្រោះម្នាក់ឈ្មោះ ខែក គឹមហៀង អាយុ ៤២ឆ្នាំ មានមុខរបរលក់ដូរនៅ ភូមិក្រោម ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានបាត់ថង់ដាក់ក្រវិលកំប៉ុងរង្វាន់ ហើយបានទៅប្ដឹងសមត្ថកិច្ច ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងនោះជនសង្ស័យទី១ ឈ្មោះ ខៀវ រិទ្ធី ហៅភេ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករលើអីវ៉ាន់ ត្រូវជាប្ដី និងជនសង្ស័យទី២ ឈ្មោះ មុត ស្រីណង ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរដូចគ្នា រស់នៅភូមិ អណ្ដូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។


ជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធ បានដឹកកូនៗ២នាក់ ម្នាក់អាយុ១១ឆ្នាំ ឈ្មោះ រិទ្ធី ភក្ដី និងម្នាក់ទៀតឈ្មោះ រិទ្ធី សូនីតា អាយុ ៥ឆ្នាំ ចេញពីផ្ទះស្វែងរកក្រវិលរង្វាន់ស្រាបៀរ និងភេសជ្ជៈ នៅតាមផ្ទះលក់ទំនិញ។ ពេលមកដល់ផ្ទះកើតហេតុ ម៉ោង២ថ្ងៃ ជនសង្ស័យបាន ធ្វើជាចូលទិញទំនិញរបស់ជនរងគ្រោះ ពេលនោះក្រុមជនសង្ស័យឃើញថង់ដាក់ក្រវិលរង្វាន់របស់ជនរងគ្រោះទុកនៅលើគ្រែ ក៏មានបំណងចង់លួចយកថង់ក្រវិលនោះ តែដោយគ្មានឱកាស ក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូចេញទៅវិញ បានបន្តិចវេលាម៉ោង ១៤:១១នាទី ថ្ងៃដដែល ក្រុមជនសង្ស័យបានជិះម៉ូតូត្រឡប់មកផ្ទះជនរងគ្រោះម្ដងទៀត ហើយចូលទៅក្នុងផ្ទះជនរងគ្រោះ ពេលនោះជនរងគ្រោះ និងម្ដាយកំពុងរវល់រកទំនិញយកឱ្យក្រុមជនសង្ស័យ ទើបឈ្មោះ រិទ្ធី ភក្ដី ត្រូវជាកូនមានឱកាសចូលទៅលួចយកថង់ក្រវិលរង្វាន់របស់ជនរងគ្រោះដាក់រុំក្នុងអាវក្រៅ ហើយដើរចេញមកខាងក្រៅផ្ទះ ភ្លាមនោះជនសង្ស័យក៏នាំគ្នាជិះម៉ូតូគេចខ្លួន។ រហូតដល់វេលាម៉ោង១៧:០០នាទី ថ្ងៃដដែល ជនរងគ្រោះបានរកថង់ដាក់ក្រវិលរង្វាន់ដែលទុកនៅលើគ្រែនោះមិនឃើញ ទើបជនរងគ្រោះឆែកវីដេអូកាមេរ៉ាសុវត្ថិភាព ឃើញក្រុមជនសង្ស័យខាងលើ ជិះម៉ូតូម៉ាក Honda Scoopy ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KP-4480 មកចូលក្នុងផ្ទះលួចថង់ដាក់ក្រវិលរង្វាន់របស់ជនរងគ្រោះ ។ ចូលដល់ថ្ងៃទី០២.០២.២០២៥ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកោះចូរ៉ាម សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ ចុះកសាងសំណុំរឿង ស៊ើបអង្កេត ស្រាវជ្រាវ រកមុខសញ្ញា ។


ជាលទ្ធផល នៅថ្ងៃទីខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចផ្នែកនគរបាលយុត្តធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា រាជធានីភ្នំពេញ បានចុះស្រាវជ្រាវឈានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ខៀវ រិទ្ធី និងឈ្មោះ មុត ស្រីណង និងចាប់វត្ថុតាងខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បន្តអនុវត្តតាមនីតិវិធី។

