សិល្បៈអន្តរជាតិ៖ ក្ដៅៗ បើយោងតាមសារព័ត៌មានល្បីៗជាច្រើន បានចេញផ្សាយដំណឹងមរណភាពរបស់កំពូលតារាសម្ដែងកោះតៃវ៉ាន់ អ្នកនាង Barbie Hsu ឬ អ្នកគាំទ្រកម្ពុជាស្គាល់ថា សាន់ឆាយ ដោយមូលហេតុនៃការស្លាប់គឺបណ្ដាលមកពីជំងឺគ្រុនផ្ដាសាយ។

ព័ត៌មានចេញផ្សាយនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ដោយយោងតាមការប្រកាសពីប្អូនស្រីរបស់ សាន់ឆាយ ដែលជាពិធីការិនីល្បីឈ្មោះ Dee Hsu បានបញ្ជាក់ថា បងស្រីរបស់ខ្លួនបានស្លាប់នៅក្នុងប្រទេសជប៉ុន ដោយសារតែជំងឺផ្ដាសាយ ក្នុងវ័យ៤៨ ឆ្នាំ
បើតាមសារព័ត៌មានកោះតៃវ៉ាន់ ETToday បានបញ្ជាក់ពីការស្លាប់របស់ សាន់ឆាយ តាមរយៈសំណេររបស់ប្អូនស្រីតារាស្រីរូបនេះ ថា នៅក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីចិន ក្រុមគ្រួសាររបស់យើង បាននាំគ្នាទៅដើរលេង និងសម្រាកលម្ហែនៅប្រទេសជប៉ុន។ នៅទីនោះ បងស្រី កើតជំងឺគ្រុនផ្ដាសាយ ហើយមានពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម ជាអកុសលតារាស្រីរូបបានទទួលមរណភាពនៅក្នុងទឹកដីជប៉ុន។ ខ្ញុំសូមអរគុណជាពិសេសចំពោះបងស្រី អរគុណដែលបានមើលថែទាំគ្នាទៅវិញទៅមកអស់ពេលជាច្រើនឆ្នាំមកនេះ។ ខ្ញុំនៅតែអរគុណនិងចងចាំបងជានិច្ច។ បងស្រី សូមបងសំរាកក្នុងសុគតិភព។ ពួកយើងស្រលាញ់បង។ ពួកយើងនឹងចងចាំបងជារៀងរហូត។

សាររបស់ប្អូនស្រីសាន់ឆាយ បានបង្ហោះឱ្យអ្នកគាំទ្រ និងសាធារណជនបានជ្រាប ក្រោយមានផ្ទុះលើបណ្ដាញអនឡាញថា តារាស្រីកោះតៃវ៉ាន់ដែលរៀបការជាមួយនឹងជនបរទេស បានស្លាប់នៅវ័យ៤៨ឆ្នាំ ដោយភ្លាមៗនោះ គេគ្រប់គ្នានឹកដល់ សាន់ឆាយ ឬ Barbie Hsu ដែលបានរៀបការជាមួយនឹងតន្ត្រីករមកពីកូរ៉េខាងត្បូងគឺលោក Koo Jun Yup។
ភ្លាមនោះដែរ ក៏មានអ្នកមិនជឿ ហើយគិតថានេះគឺជាដំណឹងចចាមអារ៉ាម ព្រោះគេទើបតែឃើញសាន់ឆាយទៅចូលរួមពិធីមង្គលការ កូនស្រីផលិតករទូរទស្សន៍ដ៏ល្បីរបស់កោះតៃវ៉ាន់ កាលពីពេលថ្មីៗនេះ បន្ថែមលើសពី កាលពីថ្ងៃទី៣១ ខែមករា ស្វាមីរបស់សាន់ឆាយ ក៏បានបង្ហោះរូបភាពសាន់ឆាយនិងក្រុមគ្រួសារទាំងមូល ដោយសាន់ឆាយ មើលទៅស្រស់ស្រាយ និងមានសុខភាពល្អ។

អតីតស្វាមី Barbie Hsu គឺអ្នកជំនួញ Wang Xiaofei បានប្ដូររូបភាពប្រូហ្វាល់របស់លោក ទៅជាពណ៌ខ្មៅដែលបង្ហាញពីសញ្ញាណនៃការកាន់ទុក្ខផងដែរ។
សាន់ឆាយ បានលាចាកលោកនេះទៅដោយបន្សល់ទុក កូនស្រីអាយុ១០ឆ្នាំម្នាក់ និងកូនប្រុសអាយុ៨ ឆ្នាំម្នាក់ ជាមួយអតីតស្វាមី ដែលបានលែងលះគ្នាកាលពីឆ្នាំ ២០២១។ ក្រោយលែងលះ ៣ខែ សាន់ឆាយ បានជួបអតីតសង្សារជនជាតិកូរ៉េ ក្រោយជជែកគ្នាត្រូវរ៉ូវ និងស៊ីសង្វាក់គ្នា សាន់ឆាយ បានសម្រេចចិត្តរៀបការជាមួយនឹងតន្ត្រីករដែលជាអតីតសង្សាររបស់ខ្លួន៕

