បាត់ដំបង÷ ពលរដ្ឋក្នុងស្រុកបវេល រីករាយសប្បាយចិត្តព្រោះជិតបានប្រើប្រាស់ស្ពានយោលថ្មីឆ្លងស្ទឹងឡើងវិញ ខណ:ស្ពានចាស់ ចាស់ទ្រុឌទ្រោមមិនអាចឆ្លងកាត់បានទើប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់ជាចំណងដៃសម្រួលការលំបាក។


លោក រស់ ឈាន ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិពាម ស្រុកបវេល បានលើកឡើងថា÷ ស្ពានយោលថ្មីមួយខ្សែនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគាត់បានជួយសម្រាលការលំបាកជាច្រើន ថែមទាំងបានរួមចំណែកបម្រើសេវាផ្សេងៗបានលឿន និងបានលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋអ្នកភូមិ ក៏ដូចជាពលរដ្ឋក្នុងភូមិសាស្ត្រក្បែរគ្នាទាំងអស់ឲ្យប្រសើរឡើង។

កសិករក្នុងភូមិពាមក្នុងចំណោមពលរដ្ឋជាច្រើនទៀតបានឲ្យដឹងដែរថា÷ រូបគាត់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ពេលដែលដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្តល់នូវការកសាងស្ពានយោលថ្មី ជំនួសស្ពានចាស់ដែលមានអាយុប្រមាណ ២០ឆ្នាំ ចាស់ទ្រុឌទ្រោមខ្លាំងធ្វើដំណើរឆ្លងកាត់លែងបាន ពួកគាត់ពិតសប្បាយចិត្តយ៉ាងខ្លាំងរកអ្វីប្រៀបផ្ទឹមពុំបានពីព្រោះប្រជាពលរដ្ឋក្នុងភូមិប្រមាណជាង ៦០០គ្រួសារបានប្រើប្រាស់ និងពឹងផ្អែកទាំងស្រុងទៅលើស្ពានយោលនេះសម្រាប់ធ្វើដំណើរឆ្លងកាត់ទៅមក ពិសេសប្រកបមុខការងារស្រែចម្ការ ដឹកជញ្ជូនកសិផលនានាទៅកាន់ទីផ្សារ ឬទីប្រជុំជនបានងាយស្រួលនិងឆាប់រហ័ស។



ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំឃ្លាំងមាស និងឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថ្ងៃទី ០២ ខែកុម្ភ: ឆ្នាំ ២០២៥នេះថា÷ សមិទ្ធផលស្ពានយោលដែលតភ្ជាប់ស្ទឹងបវេល ស្ថិតក្នុងភូមិពាម ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង នេះមានបណ្តោយប្រវែង ៧៥ម៉ែត្រ និងទទឹង ១,៥០ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ចំពោះមុខនេះក្រុមជាងជំនាញកំពុងពន្លឿនដំណើរការសាងសង់ ដែលគ្រោងនឹងដាក់ឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ឆ្លងកាត់ក្នុងពេលឆាប់ៗនាអំឡុងខែកុម្ភ: នេះ៕
អត្ថបទ៖ ដំបងក្រញូង

