ក្រុម​បាល់ទាត់​ Shan United (មីយ៉ាន់ម៉ា) បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​ហើយ កាល​ពី​រាត្រី​ថ្ងៃទី៣ កុម្ភ: ដើម្បី​ត្រៀម​ជួប​ក្រុមម្ចាស់​ផ្ទះព្រះខ័នរាជស្វាយរៀង នៃពានរង្វាន់ ASEAN Club Championship Shopee Cup 2024/25 ក្នុងពហុកីឡដ្ឋានជាតិ នាថ្ងៃទី៥ ខែកុម្ភ: ២០២៥ ។

យ៉ាង​ណាមិញ​ការប្រកួត​នេះ គឺ​ជា​ការ​ប្រកួត​ចុងក្រោយ​របស់ក្រុម​ទាំង២ និងបាន​អស់​ឱកាសឡើង​ទៅកាន់​វគ្គដូច​គ្នា។ ខណ:វគ្គ​ជម្រុះ​ក្នុង​ពូល​នេះ មាន​១២ក្រុម​ចូល​រួម នឹង​ជម្រុះ​យក​តែ​ ២ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

លទ្ធផលឆ្លងកាត់ ៤ប្រកួតរបស់ព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់ Shopee Cup 2024/25៖

  • Terengganu (ម៉ាឡេស៊ី) ២-៣ ព្រះខ័នរាជស្វាយរៀង (កម្ពុជា)
  • BG Pathum United (ថៃ) ២-១ ព្រះខ័នរាជស្វាយរៀង (កម្ពុជា)
  • ព្រះខ័នរាជស្វាយរៀង ០-១ PSM Makassar (ឥណ្ឌូណេស៊ី)
  • Dong A Thanh Hoa (វៀតណាម) ០-០ ព្រះខ័នរាជស្វាយរៀង (កម្ពុជា)
  • ព្រះខ័នរាជស្វាយរៀង ជួប Shan United (មីយ៉ាន់ម៉ា)

ព្រះខ័នរាជស្វាយរៀង (កម្ពុជា) ស្ថិតនៅក្នុង​ពូល A ជាមួយក្រុម​ដូច​ជា Shan United (មីយ៉ាន់ម៉ា), BG Pathum United (ថៃ), Terengganu (ម៉ាឡេស៊ី), PSM Makassar (ឥណ្ឌូណេស៊ី), Dong A Thanh Hoa (វៀតណាម)។

រំលឹកថា ពានរង្វាន់​ជើង​ឯក​តំបន់​អាស៊ាន ​រៀបចំ​ឡើង​២​លើករួចមកហើយ ដោយ​ក្នុង​ឆ្នាំ​២០០៣ ជើង​ឯក​បាន​ទៅ​ក្រុម East Bengal របស់​ឥណ្ឌា ក្រោយ​យក​ឈ្នះ​ក្រុម BEC Tero Sasana របស់​ថៃ ហើយ​​ឆ្នាំ​២០០៥ ជើង​ឯក​បាន​ទៅ​ក្រុម Tampines Rovers របស់​សិង្ហបុរី ក្រោយ​យក​ឈ្នះ​លើ​ក្រុម ​Pahang FA របស់​​ម៉ាឡេស៊ី។

ចំណែក​ក្រុម​ដំណាង​ឱ្យ​កម្ពុជា ចូលរួម​ក្នុង​ពានរង្វាន់​នេះ​គឺ​ នៅ​ឆ្នាំ​២០០៣ ក្រុម ​Samart United (បច្ចុប្បន្ន​ភ្នំពេញក្រោន) ហើយ​នៅ​ឆ្នាំ​២០០៥ ​ក្រុម​ណាហ្គាខប បានចូលរួម (បច្ចុប្បន្ន ណាហ្គាវើល)៕

Share.