ភ្នំពេញ៖ ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងកាលពីវេលាម៉ោង៧:៣០នាទីយប់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ បង្កដោយបុរសស្រវឹងជោគជាំម្នាក់ បើករថយន្តបោះពួយយ៉ាងលឿនរេចង្កូតជ្រុលទៅបុកពីក្រោយរុឺម៉កដែលកំពុងបណ្តើរតាមដងផ្លូវបណ្តាលឲ្យបុរសម្នាក់ស្លាប់ ចំណែកឯស្រ្តីនិងបុរសម្នាក់ទៀតរួមដំណើរជាមួយរងរបួសស្រាល។ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ជនបង្កឈ្មោះ តារា រិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវបានកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់

សពជនរងគ្រោះមានឈ្មោះ រតនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបេ ជាកម្មករសំណង់ មានស្រុកកំណើត នៅខេត្តកំពង់ធំ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះមានគ្នា៣នាក់ ក្នុងនោះមានស្រ្តីម្នាក់ពួកគេទើបតែចេញពីធ្វើការរួចអូសរុឺម៉កធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើង ខណះម៉ូតូសណ្តោងរុឺកខូចធាក់អត់ឆេះ ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿងម៉ាកស្តារិច ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BW-9795 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយស្របគ្នាក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿនទាំងស្ថានភាពស្រវឹងជោគជាំលុះពេលបើកមកដល់ចំណុចកើតហេតុក៏រេចង្កូតជ្រុលទៅបុកពីក្រោយម៉ូតូសណ្ដោងរុឺម៉កយ៉ាងពេញទំហឹងបណ្ដាលឲ្យប៉ើងបុរសរងគ្រោះបោកក្បាលនៅនឹងផ្លូវស្លាប់ភ្លាមៗចំណែកឯបុរសនិងស្ត្រីម្នាក់ទៀតដែលរួមដំណើរជាមួយរងរបួសស្រាល ។

ហើយភ្លាមនោះដែររថយន្តបង្កមិនព្រមឈប់ដោះស្រាយនោះទេបន្តល្បឿនបើករត់រហូតមកដល់ចំណុចក្បែរបុរីប៉េងហួតក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យត្រូវបានបងប្អូនប្រជាពលរដ្ឋតាមប្រដេញពីក្រោយឃាត់បានប្រគល់ឲ្យទៅសមត្ថកិច្ចយកទៅប៉ុស្តិ៍នគរបាលសង្កាត់ជើងឯកសួរនាំបន្ត។ បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងរ៉ូម៉កទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ។ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕




