ការចាក់បញ្ចូល ឬបញ្ជ្រាប បច្ចេកវិទ្យាឌីជីថល ចូលទៅក្នុងវិស័យអប់រំ ពិតជាមានសារសំខាន់ណាស់ ក្នុងការជំរុញរបៀបរបបរៀន និងបង្រៀនតាមទម្លាប់ចាស់ ឲ្យប្រែក្លាយទៅជារបៀបរៀន និងបង្រៀនតាមបែបទំនើប ស្របតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ នេះជាការលើកឡើងរបស់ លោកជំទាវ បូ ច័ន្ទគុលិកា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានត្រយង។

លោកជំទាវបានលើកឡើងយ៉ាងលម្អិតដូច្នេះ៖

១. ការសិក្សាពីចម្ងាយ៖ បច្ចេកវិទ្យាបង្កភាពងាយស្រួលសម្រាប់ការសិក្សាពីចម្ងាយ ដោយបច្ចេកវិទ្យាបានជួយឱ្យសិស្សដែលរស់នៅតំបន់ខ្វះខាតធនធានគ្រូបង្រៀន និងនៅតំបន់ជនបទ ទទួលបានការអប់រំពីគ្រូបង្រៀនដែលមានបច្ចេកទេស និងវិធីសាស្ត្រល្អៗ ដោយពុំចាំបាច់ផ្លាស់ទីទៅរកសាលានៅទីប្រជុំជន។ 

២. ស្វ័យសិក្សាតាមឌីជីថល៖ ថ្នាលអប់រំតាមឌីជីថល​ និងប្រព័ន្ធសិក្សាតាមអនឡាញបានជួយសិស្សឱ្យមានលទ្ធភាពធ្វើស្វ័យសិក្សាដោយខ្លួនឯង។ ថ្នាលអប់រំឌីជីថលជាច្រើន បានផ្ដល់នូវមាតិកាអប់រំល្អៗ និងសំបូរបែបស្របតាមចំណង់ចំណូលចិត្ត និងតម្រូវការរបស់សិស្ស។ ថ្នាលអប់រំដែលបានបំពាក់មកជាមួយនូវបញ្ញាសិប្បនិម្មិត (AI) មានប្រព័ន្ធបង្រៀនដែលអាចផ្តល់នូវមតិកែលម្អ និងការណែនាំតាមតម្រូវចំណង់ចំណូលចិត្តរបស់សិស្សដោយស្វ័យប្រវត្តិ ប្រៀបដូចជាអ្នកសិក្សាមានគ្រូផ្ទាល់ខ្លួនម្នាក់ដែលកំពុងបង្រៀន និងតាមដានការសិក្សារបស់ខ្លួនដោយផ្ទាល់។

៣. ការចូលរួម និងការសិក្សាអន្តរកម្ម៖ ការបង្កើតហ្គេមអប់រំ បច្ចេកវិទ្យា Virtual Reality (VR) និង Augmented Reality (AR) ធ្វើឱ្យការរៀនមានភាពស៊ីជម្រៅ និងរីករាយ ដែលជាភាពទាក់ទាញក្នុងការធ្វើឱ្យសិស្សសិក្សាដោយពុំមានភាពធុញទ្រាន់។ ការបង្កើតនូវ Digital Simulation បានជួយឱ្យសិស្សអាចយល់នូវគំនិតដែលស្មុគស្មាញ ឬពិបាកយល់ តាមរយៈការធ្វើសកម្មភាពពិសោធន៍ នៅក្នុងកម្មវិធីឌីជីថល (Simulation) នៅក្នុងកុំព្យូទ័រ ឬឧបករណ៍ឌីជីថល។

៤. ការសហការ និងទំនាក់ទំនងកាន់តែប្រសើរឡើង៖ កម្មវិធីសហការតាមអ៊ីនធឺណិតដូចជា Google Classroom និង Microsoft Teams អនុញ្ញាតឱ្យសិស្ស និងគ្រូបង្រៀនធ្វើការជាមួយគ្នាលើសពីថ្នាក់រៀន។ វេទិកាពិភាក្សា និងក្រុមសិក្សាតាមប្រព័ន្ធឌីជីថល បានបង្កើនទំនាក់ទំនងរវាងគ្រូ និងសិស្ស សិស្សកាន់តែជិតស្និទ្ធ និងងាយស្រួល។

៥. ការវាយតម្លៃប្រកបដោយប្រសិទ្ធភាព និងមតិកែលម្អ៖ ការរៀបចំប្រព័ន្ធផ្តល់ចំណាត់ថ្នាក់ដែលធ្វើឡើងដោយ AI និងការវាយតម្លៃដោយស្វ័យប្រវត្តិរបស់ AI បានជួយកាត់បន្ថយបន្ទុកការងាររបស់គ្រូ និងផ្តល់មតិកែលម្អបានភ្លាមៗ។ ការវិភាគ និងតាមដានការសិក្សារបស់សិស្សបានជួយគ្រូអាចតាមដានវឌ្ឍនភាពនៃការសិក្សា និងផ្ដល់ការកែលម្អកាន់តែងាយស្រួល។

៦. ការចូលប្រើប្រាស់ធនធានអប់រំយ៉ាងសំបូរបែប៖ អ៊ិនធឺណិតផ្តល់នូវសម្ភារៈសិក្សាគ្មានដែនកំណត់ ចាប់ពីសៀវភៅសិក្សា អត្ថបទស្រាវជ្រាវ មេរៀនឌីជីថល ឯកសារចំហ រហូតដល់វគ្គសិក្សាតាមអ៊ីនធឺណិត។ បណ្ណាល័យឌីជីថល និងសៀវភៅអេឡិចត្រូនិចកាត់បន្ថយតម្រូវការសម្រាប់សៀវភៅសិក្សា ដែលធ្វើឲ្យការសិក្សាកាន់តែមានតម្លៃសមរម្យ។ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ឱ្យដំណើរការថ្នាលសិក្សាដូចជា សាលាឌីជីថល (Sala Digital) កម្មវិធីស្វ័យសិក្សា MoEYS E-Learning App និងកម្មវិធីសិក្សាបឋមសិក្សា (PLP) ដែលទើបដាក់ឱ្យប្រើប្រាស់ថ្មីៗនេះ។

៧. ការពង្រឹងសមត្ថភាពគ្រូបង្រៀន និងការអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំ៖ វគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលាតាមអនឡាញ បានជួយអ្នកអប់រំស្វែងយល់ និងតាមទាន់នូវវិធីសាស្រ្តបង្រៀនថ្មីៗ។ ក្រសួងក៏មាននូវថ្នាលសិក្សាឌីជីថលសម្រាប់ការអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំ CPD ។

៨. ការត្រៀមខ្លួនសម្រាប់ការងារនាពេលអនាគត៖ នាពេលបច្ចុប្បន្ន តម្រូវការធនធានមនុស្សផ្នែកឌីជីថលកាន់តែមានតម្រូវការខ្ពស់ ដូចជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាពពកជាដើម។ ការបំពេញការងារគ្រប់មុខជំនាញ នាពេលបច្ចុប្បន្នសុទ្ធតែត្រូវការបុគ្គលិកដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា ដូច្នេះយុវជនត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការប្រកួតប្រជែងជំនាញនាពេលអនាគតដែលមិនអាចខ្វះបាននូវបំណិនបច្ចេកវិទ្យា និងឌីជីថល។

៩. ប្រសិទ្ធភាពចំណាយ និងនិរន្តរភាព៖ ឧបករណ៍ឌីជីថលកាត់បន្ថយការពឹងផ្អែកលើសម្ភារៈដែលមានមូលដ្ឋានលើក្រដាស រួមចំណែកដល់ការអភិវឌ្ឍប្រទេសប្រកបដោយចិរភាព។ វគ្គសិក្សាតាមប្រព័ន្ធអនឡាញក៏បានកាត់បន្ថយថ្លៃធ្វើដំណើរ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់ស្ថាប័នដែលផ្ដល់សេវាអប់រំ និងការចំណាយរបស់សិស្ស។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្ដាញ សាកលវិទ្យាល័យសាយប័រ។

សូមជម្រាបថា កាលពីខែមិថុនា ឆ្នាំ២០២៤ ក្រសួងអប់រំ​ យុវជន និងកីឡាបានដាក់ចេញនូវយុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់សាលារៀន ហើយយុទ្ធសាស្ត្រនេះនឹងត្រូវប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៧ ដល់១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះ។ យុទ្ធសាស្ត្រអប់រំឌីជីថល សម្រាប់សាលារៀនផ្តោតការយកចិត្តទុកដាក់លើបរិវត្តកម្មអប់រំចំនួនបួន។ បរិវត្តកម្មនីមួយៗនឹងមានឥទ្ធិពលសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន ឬវុឌ្ឍិចរិយា និងឈានទៅធានាឱ្យមានកំណើន និងវឌ្ឍនភាព៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.