បាងកក៖ រដ្ឋាភិបាលថៃបាននិយាយកាលពីថ្ងៃអង្គារ សប្ដាហ៍នេះថា ប្រទេសថៃ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់ព្រំដែនមួយចំនួនជាមួយប្រទេសមីយ៉ាន់ម៉ា ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអ៊ីនធីណិត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។
ឧបនាយករដ្ឋមន្ត្រីថៃ លោក Phumtham Wechayachai បានប្រាប់អ្នកសារព័ត៌មានថា «យើងត្រូវចាត់វិធានការក្ដៅ ដើម្បីផ្តាច់ចរន្តអគ្គិសនីនៅតំបន់ព្រំដែនជាមួយមីយ៉ាន់ម៉ាជាបន្ទាន់» ដោយបន្ថែមថា «អាជ្ញាធរថៃនឹងណែនាំឱ្យមន្រ្តីអគ្គិសនីខេត្តដែលផ្គត់ផ្គង់ថាមពលដល់តំបន់ទាំងនេះ កាត់ផ្តាច់អគ្គិសនី»។

ប្រទេសថៃ មានការព្រួយបារម្ភអំពីផលប៉ះពាល់លើវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួន ហើយបានស្វែងរកការធានាសុវត្ថិភាព ដើម្បីបន្ធូរបន្ថយការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ភ្ញៀវទេសចរមកពីប្រទេសចិន ដែលជាប្រភពចំណូលដ៏សំខាន់របស់ប្រទេស។
ទាក់ទិននឹងបញ្ហានេះ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បាននិយាយថា កិច្ចពិភាក្សានឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារជាមួយក្រុមប្រឹក្សាសន្តិសុខជាតិ ស្តីពីវិធានការផ្សេងៗ ដើម្បីដោះស្រាយពីបញ្ហាអសន្ដិសុខ រួមទាំងបញ្ឈប់ការផ្គត់ផ្គង់អគ្គិសនីផងដែរ។

លោកស្រីបានបន្តថា៖ «អ្វីដែលបានកើតឡើងទាំងអស់នេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជនថៃ និងមុខមាត់ប្រទេសយ៉ាងធំធេង»។
ពេលអ្នកកាសែតសួរថា តើពេលណានឹងត្រូវកាត់ផ្តាច់អគ្គិសនីនោះ លោកស្រីបាននិយាយថា៖ «បើយើងនិយាយថ្ងៃនេះរួចហើយ ច្បាស់ហើយថា ថ្ងៃនេះយើងអាចធ្វើបានតែម្ដង»។

ប្រធានក្រុមប្រឹក្សាសន្តិសុខថៃ កាលពីថ្ងៃចន្ទ នេះ បាននិយាយថា ទីតាំងមជ្ឈមណ្ឌលធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតជាប់ព្រំដែនប្រទេសថៃ ក្នុងទីក្រុងចំនួន៣ របស់មីយ៉ាន់ដូចជា ទីក្រុង Tachileik, Myawaddy, និង Payathonzu នឹងត្រូវកាត់ផ្ដាច់ការផ្គត់ផ្គង់ថាមពលអគ្គិសនីទាំងស្រុង។
យោងតាមអង្គការសហប្រជាជាតិ មនុស្សរាប់សែននាក់ត្រូវបានជួញដូរដោយក្រុមឧក្រិដ្ឋជន និងបង្ខំឱ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលឆបោក និងការធ្វើប្រតិបត្តិការអនឡាញខុសច្បាប់នៅទូទាំងអាស៊ីអាគ្នេយ៍ រួមទាំងនៅតាមតំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា។

របាយការណ៍របស់អង្គការសហប្រជាជាតិឆ្នាំ២០២៣ បានប៉ាន់ប្រមាណថា ប្រតិបត្តិការនេះកំពុងរីកសាយភាយកាន់តែច្រើន ដោយអាចឱ្យក្រុមឧក្រិដ្ឋជនរកបានប្រាក់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។
យោងតាមកាសែតក្នុងស្រុកបានឱ្យដឹងថា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានធ្វើមាតុភូមិនិវត្តន៍ជនបរទេសជាង ៥៥,០០០នាក់ ភាគច្រើនជាជនជាតិចិនដែកត្រូវបានបង្ខំឱ្យធ្វើការងារខុសច្បាប់ក្នុងប្រទេសមីយ៉ាន់ម៉ា៕

